(តៃប៉ិ)៖ លោកស្រី Hsiao Bi-khim មេដឹកនាំរងជាប់ឆ្នោតតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទនេះថា

តៃវ៉ាន់ ដឹងគុណចំពោះការបន្តផ្តល់ជំនួយ ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ត្រូវតែប្រឹងប្រែងកសាងចំណុចខ្លាំងខ្លួនឯងជាមុនសិន ដើម្បីបង្ហាញឱ្យពិភពលោកឃើញថាការគាំទ្រនេះ គឺពិតជាមានតម្លៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ ២០២៤។

ថ្លែងទៅកាន់វេទិកាក្រុមអ្នកវិភាគ លោកស្រី Hsiao បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន Joe ដែលកាលពីខែមុនបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដើម្បីបង្កើនជំនួយលើវិស័យការពារជាតិរបស់តៃវ៉ាន់ នៅក្នុងកញ្ចប់ជំនួយដែលរួមមាន ទាំងសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល។ លោកស្រី Hsiao បញ្ជាក់ថា «នេះបង្ហាញពីការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះការគាំទ្រដល់សម្ព័ន្ធមិត្ត និងដៃគូ ក្នុងការប្រឈមមុខនឹង​បញ្ហាភូមិសាស្ត្រនយោបាយ។ ប៉ុន្តែលើសពីការថ្លែងអំណរគុណចំពោះមិត្តភ័ក្តិអន្តរជាតិរបស់យើង វាជារឿងសំខាន់ដែលថា ក្នុងនាមជាជនជាតិតៃវ៉ាន់ យើងត្រូវតែការកសាងភាពខ្លាំងរបស់យើងឱ្យបានជាមុនសិន»។

គួរបញ្ជាក់ថា លោកស្រី Hsiao ដែលនឹងត្រូវចូលកាន់តំណែងជាមួយមេដឹកនាំ លោក Lai Ching-te នៅថ្ងទី២០ ខែឧសភា គឺជាអតីតអ្នកតំណាងតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៉ីនតោន ហើយត្រូវបានគេរំពឹងថា នឹងរក្សាតួនាទីក្នុងការពង្រឹងទំនាក់ទំនងនេះ ជាមួយសហរដ្ឋអាមេរិក៕