(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្កោលទោសនូវអ្វីដែលលោកបានហៅថាការកើនឡើងគំនិតប្រឆាំងរើសអើងជនជាតិជី្វហ្វ និងការរិះគន់ជាលក្ខណៈអន្តរជាតិចំពោះសង្រ្គាមរបស់អ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ជាមួយការទទូចថាគ្មានសម្ពាធអ្វីអាចបញ្ឈប់អ៉ីស្រាអែលពីការការពារខ្លួនឯង បាននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ណេតាន់យ៉ាហ៊ូ ធ្វើការកត់សម្គាល់បែបនេះនៅឯការ​ប្រារព្ធទិវាចងចាំ Holocaust ឬការសម្លាប់រង្គាលជនជាតិជ្វីហ្វ នៅឯបូជនីយដ្ឋាន Yad Vashem ក្នុងទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា។ ថ្លែងនាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថានៅពេលណាហ្ស៉ីសម្លាប់ជនជាតិជ្វីហ្វ ៦លាននាក់ អំឡុងសង្គ្រាមលោកលើកទី២ គ្មានប្រទេសណាមួយធ្វើអន្តរាគមន៍ការពារប្រជាជនរបស់លោកពីការសម្លាប់រង្គាលនេះទេ។ លោកបន្ថែមថា «បច្ចុប្បន្ន អ៉ីស្រាអែលកំពុងប្រឈមជាថ្មីជាមួយសត្រូវដែលចង់បំផ្លាញ អ៉ីស្រាអែល។ ដូច្នេះប្រសិនបើអ៉ីស្រាអែលត្រូវបានបង្ខំឱ្យតស៊ូម្នាក់ឯង នោះអ៉ីស្រាអែលនឹងតស៊ូតែម្នាក់ឯង ហើយខ្ញុំសូមប្រាប់ទៅកាន់មេដឹកនាំពិភពលោកថាគ្មានសម្ពាធអ្វី ឬការសម្រេចចិត្តរបស់វេទិកាអន្តរជាតិណាមួយអាចបញ្ឈប់អ៉ីស្រាអែលពីការការពារខ្លួនបានឡើយ»

គួរបញ្ជាក់ថា​ ប្រតិកម្មខ្លាំងៗរបស់លោក ណេតាន់យ៉ាហ៊ូ កើតមានឡើងនៅចំពេលដែលចលនាបាតុកម្មតវ៉ាប្រឆាំងនឹងសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហា្កហ្សា កំពុងរីកសាយនៅតាម សាកលវិទ្យាល័យ នៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ស្របពេលជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងសង្គ្រាមបានកើនជិត ៣៤ ៦៨៣នាក់៕