(ហ្សេរុសាឡឹម)៖ ប្រភពពីមន្ត្រីអ៊ីស្រាអែល និងទូរទស្សន៍ Al Jazeera បានឱ្យដឹងថា ប៉ូលីសអ៊ីស្រាអែលបានឆ្មក់ចូលបន្ទប់សណ្ឋាគារមួយ ក្នុងទីក្រុង Jerusalem ដែលប្រើប្រាស់ដោយបណ្តាញ Al Jazeera ជាការិយាល័យបណ្តុះអាសន្នរបស់ខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការបិទប្រតិបត្តិការស្ថានីយ៍ទូរទស្សន៍មួយនេះ ដែលគ្រប់គ្រងដោយប្រទេសកាតា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ បាន​បង្ហាញ​ពី​មន្ត្រី​ស្លៀក​ពាក់​ស៊ីវិល​កំពុង​រុះរើ​ឧបករណ៍​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ។ ប្រភពពី Al Jazeera បាននិយាយថា សណ្ឋាគារនេះមានទីតាំងនៅក្រុង Jerusalem ខាងកើត។

រដ្ឋាភិបាលរបស់ លោក Benjamin Netanyahu បានសម្រេចបិទបណ្តាញនេះ ដរាបណាសង្រ្គាមនៅហ្គាហ្សានៅតែបន្ត ក្រោមហេតុផលថាបណ្តាញទូរទស្សន៍កាតានេះ បានគំរាមកំហែងដល់សន្តិសុខជាតិ។

ចំណែកឯ Al Jazeera បានចាត់ទុកចំណាត់ការនេះថាជា «អំពើឧក្រិដ្ឋកម្ម» ហើយបានច្រានចោលការចោទប្រកាន់នេះ ដោយពណ៌នាថាវាជា «ការប្រឌិតដ៏គ្រោះថ្នាក់ និងគួរឱ្យអស់សំណើច» ដែលមិនត្រឹមតែធ្វើឱ្យខូចដល់ភាពជឿជាក់លើខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកសារព័ត៌មានទៀតផង។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីរបស់ លោក Benjamin Netanyahu បានបោះឆ្នោតសម្រេចបិទប្រតិបត្តិការរបស់ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល ដរាបណាសង្រ្គាមនៅហ្គាហ្សានៅតែបន្ត ដោយលើកឡើងពីការគំរាមកំហែងរបស់បណ្តាញទូរទស្សន៍កាតាមួយនេះ ចំពោះសន្តិសុខជាតិរបស់ខ្លួន។ រដ្ឋាភិបាលបានគូសបញ្ជាក់ពី វិធានការជាបន្ទាន់ដែលត្រូវធ្វើ រួមមានការបិទការិយាល័យរបស់ Al Jazeera ការរឹបអូសឧបករណ៍ផ្សាយ ការបញ្ឈប់ការបញ្ជូនតាមប្រព័ន្ធខ្សែកាប និងផ្កាយរណប និងការបិទការចូលទៅកាន់គេហទំព័រអនឡាញផងដែរ៕