(ឌូបៃ)៖ ក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន បានធានាផ្ដល់ទីកន្លែងសិក្សាសម្រាប់និស្សិតដែលត្រូវបានព្យួរការរៀនសូត្រនៅតាមសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក ដោយសារតែបានចូលរួមធ្វើបាតុកម្មប្រឆាំងអ៉ីស្រាអែល និងទាមទារឱ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីម្នាក់មកពីសាកលវិទ្យាល័យសាណា (Sanaa University) គ្រប់គ្រងដោយក្រុមហ៊ូទី បានប្រាប់ Reuters ដូច្នេះថា «យើងពិតជាមានភាពប្រាកដប្រជា ក្នុងការទទួលស្វាគមន៍និស្សិតដែលត្រូវបានព្យួរការសិក្សាក្នុងសហរដ្ឋអាមេរិក។ យើងកំពុងតស៊ូនៅក្នុងសមរភូមិនេះជាមួយប៉ាឡេស្ទីនតាមគ្រប់មធ្យោបាយដែលយើង អាចធ្វើបាន»។ សាកលវិទ្យាសាណា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរកាលពីថ្ងៃសុក្រ ទី៣ ខែឧសភា ជាមួយការកោតសរសើរដល់ជំហរមនុស្សធម៌ របស់ក្រុមនិស្សិតនៅក្នុងសហរដ្ឋអាមេរិក ហើយបញ្ជាក់ថាពួកគេអាចបន្តការសិក្សារបស់ពួកគេក្នុងប្រទេសយេម៉ែន។

លើសពីនេះទៅទៀត សេចក្ដីថ្លែងការណ៍នេះក៏បានថ្កោលទោសផងដែរចំពោះការបង្ក្រាបរបស់ប៉ូលិសអាមេរិកលើក្រុមនិស្សិតជាបាតុករ ដោយចាត់ទុកថាវាជាទង្វើ គាបសង្កត់លើសេរីភាពបញ្ចេញមតិ។

គួរបញ្ជាក់ថា និស្សិតនៅក្នុងសហរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្ម និងខ្លះទៀតបានបោះតង់ក្នុងបរិវេណសាកលវិទ្យាល័យរបស់ពួកគេដើម្បីសម្ដែងការប្រឆាំងជំទាស់ នឹងសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ដែលបានឈានចូលដល់ខែទី៧ និងបានសម្លាប់មនុស្សជិត ៣៥ ០០០នាក់ហើយ។ ក្រុមបាតុករជានិស្សិតទាំងនោះ បានអំពាវនាវឱ្យលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមបន្ថែមទៀតដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងទាមទារឱ្យសាកលវិទ្យាល័យរបស់ពួកគេដកការវិនិយោគ ចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៉ីស្រាអែល។

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា សាកលវិទ្យាល័យជាច្រើន ក្នុងនោះរួមមានសាកលវិទ្យាល័យ Columbia ក្នុងទីក្រុង New York ជាដើម បានអំពាវនាវឱ្យប៉ូលិសធ្វើ អន្តរាគមន៍បង្រ្កាប និងបំបែកហ្វូងបាតុករ។ និស្សិតជាច្រើនត្រូវបានចាប់ខ្លួន ខ្លះត្រូវបានខាងសាលាបញ្ឈរជើង និងខ្លះទៀតរងការព្រមានពីការដាក់ពិន័យ៕