(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអេហ្ស៉ីប​ កាលពីថ្ងៃសុក្រ ទី៣ ខែឧសភា បាននិយាយថាអ៉ីស្រាអែលបានទុកពេលមួយសប្ដាហ៍ដើម្បីឱ្យក្រុមហាម៉ាសចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ បើពុំដូច្នោះទេយោធាអ៉ីស្រាអែលនឹងបើកធ្វើប្រតិបត្តិការយោធានៅក្នុងទីក្រុង Rafah។ នេះបើតាមការចេញផ្សាយដោយកាសែត Wall Street Journal។

អេហ្ស៉ីប បាន និងកំពុងធ្វើការជាមួយអ៉ីស្រាអែលពាក់ព័ន្ធនឹងការកែប្រែសំណើនៃបទឈប់បាញ់ដែលបានផ្ញើទៅកាន់ក្រុមហាម៉ាសកាលពីចុងសប្ដាហ៍មុន។ តាមក្រុមមន្ត្រីអេហ្ស៉ីប មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសត្រូវបានរំពឹងថានឹងពិគ្រោះយោបល់ជាមួយយោធារបស់ខ្លួនក្នុងតំបន់ហ្កាហ្សា ហើយនឹងផ្ដល់ចម្លើយតបមកវិញ។ ប៉ុន្តែ លោក Yahya Sinwar ដែលត្រូវបានគេជឿជាក់ថាកំពុងសម្ងំលាក់ខ្លួនក្នុងរូងក្រោមដី និងជាអ្នកសម្រេចចិត្តចុងក្រោយ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ។ ខាងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏មិនបានបញ្ចេញប្រតិកម្មអ្វីនោះដែរ តែលោក ណេតាន់យ៉ាហ៊ូ កាលពីពេលថ្មីៗនេះបានប្ដេជ្ញាថាកងទ័ពថ្មើងជើងអ៉ីស្រាអែលត្រូវតែវាយលុកចូលទីក្រុង Rafah បើទោះជាមាន ឬមិនមានបទឈប់បាញ់ក៏ដោយ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអេហ្ស៉ីប បានបញ្ជូនសាររបស់អ៉ីស្រាអែល ទៅកាន់ក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា។ ព្រមពេលជាមួយគ្នា នាយកស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បានធ្វើដំណើរទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៉ីបហើយកាលពីថ្ងៃសុក្រ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីអេហ្ស៉ីប ខណៈក្រុមហាម៉ាសក៏បានបញ្ជូន គណៈប្រតិភូរបស់ខ្លួនទៅកាន់ទីក្រុងគែរ ផងដែរនៅថ្ងៃសៅរ៍ ទី៤ ខែឧសភានេះ ដើម្បីបន្តកិច្ចចរចា៕