(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយថា កងកម្លាំងរបស់លោកបានកាន់កាប់ទឹកដីចំនួន ៥៤៧ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំនេះ ក្នុងអ្វីដែលលោកហៅថាជា «តំបន់ថ្មី» របស់ប្រទេសរុស្ស៊ី ដោយសំដៅទៅលើតំបន់អ៊ុយក្រែន ចំនួន៤ ដែលទីក្រុងម៉ូស្គូបានបញ្ចូលវាជាទឹកដីរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងទៅកាន់មេបញ្ជាការយោធាជាន់ខ្ពស់ កាលពីថ្ងៃសុក្រ លោក Shoigu បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងដកថយនៅតាមបណ្តោយជួរមុខ ខណៈពេលដែលកងទ័ពរុស្ស៊ីកំពុងទម្លុះតាមអ្វីដែលលោកហៅថា បណ្តាញនៃមូលដ្ឋានរឹងមាំរបស់អ៊ុយក្រែន។

លោក Shoigu បាននិយាយថា «កងទ័ពអ៊ុយក្រែនបានព្យាយាមរក្សាខ្សែការពាររៀងៗខ្លួន ប៉ុន្តែក្រោមការវាយលុករបស់យើង ពួកគេត្រូវបានបង្ខំឱ្យបោះបង់ចោលទីតាំងរបស់ពួកគេ និងដកថយ»។

លោកបាននិយាយទៀតថា «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានរំដោះទីតាំងទីលំនៅដ្ឋាន Novopakhmutivka, Semenivka និង Berdichi ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដោយសំដៅទៅលើឈ្មោះដែលរុស្ស៊ីប្រើសម្រាប់តំបន់មួយ ក្នុងចំណោមតំបន់ទាំងបួនដែលខ្លួនបានបញ្ចូលជារបស់ខ្លួន។

មេបញ្ជាការកំពូលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពដែលមានចំនួនលើសរបស់ទីក្រុងកៀវ ត្រូវបានគេដកទៅកាន់ទីតាំងថ្មី ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច ​នៃ​ភូមិ​ចំនួន​បី​ដែល​ស្ថិត​នៅ​តាម​ខ្សែ​ជួរ​មុខ​ភាគ​ខាង​កើត​នៃ​ជម្លោះ។

គួរជម្រាបថា នៅខែកញ្ញាឆ្នាំ ២០២២ ទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួនបានដាក់បញ្ចូលជាផ្លូវការនូវតំបន់អ៊ុយក្រែនចំនួនបួនគឺ Donetsk, Kherson, Luhansk និង Zaporizhzhia ទៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ទោះបីជាមិនមានការគ្រប់គ្រងពេញលេញលើពួកគេក៏ដោយ ប្រាំពីរខែបន្ទាប់ពីការបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។ អ៊ុយក្រែន​បាន​បរិហារ​សកម្មភាព​នេះ​ថា ​ជា​ការ​ឈ្លានពាន​យក​ទឹកដី​ដោយ​ខុស​ច្បាប់ ហើយ​បាន​ប្រកាស​ពី​ចេតនា​បោសសម្អាត​ទាហាន​រុស្ស៊ី​ទាំង​អស់​ ចេញ​ពី​ទឹកដី​ខ្លួនវិញ រួម​ទាំង​តំបន់​គ្រីមេ ដែល​ក្រុង​ម៉ូស្គូ​បាន​បញ្ចូល​ក្នុង​ឆ្នាំ ២០១៤ផងដែរ៕