(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា អំពើហិង្សាលើស្ត្រីគឺជាបញ្ហាធ្ងន់ធ្ងរ និងត្រូវបានចាត់ទុកជាវិបត្តិថ្នាក់ជាតិ បន្ទាប់ពីមានការតវ៉ានៅក្នុងទីក្រុងធំៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងកិច្ចប្រជុំជាមួយបណ្តាអភិបាលរដ្ឋ លោក Albanese បានដាក់ចេញវិធានការបន្ទាន់ និងមូលនិធិដើម្បីដោះស្រាយ «ទស្សនៈជ្រុលនិយមរបស់បុរស» ទប់ស្កាត់រូបភាពអាសអាភាសក្លែងក្លាយ និងការផ្តល់ជំនួយសម្រាប់ជនរងគ្រោះ។ ច្បាប់ថ្មីមួយ នឹងហាមឃាត់ការចែកចាយរូបអាសអាភាសកាត់ត ក៏ដូចជាផ្តល់មូលនិធិបន្ថែមដល់ក្រុមឃ្លាំមើលបណ្តាញអ៉ីនធឺណេត ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានេះ ថវិកាចំនួន ៥៩៨លានដុល្លារនឹងជំរុញសេវាកម្មគាំទ្រ សម្រាប់អ្នកដែលរួចផុតពីអំពីហិង្សា។ លោក Albanese បានប្រាប់ប្រជាជនអូស្រ្តាលី យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ត្រូវតែទទួលខុសត្រូវ» ក្នុងការលុបបំបាត់អំពើហិង្សា។

គួរបញ្ជាក់ថា ទិន្នន័យថ្មីពីរដ្ឋាភិបាលអូស្រ្តាលីបង្ហាញថា ចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៣ មានស្រ្តី ៣៤នាក់ត្រូវបានសម្លាប់ ដោយអតីតដៃគូ ឬដៃគូបច្ចប្បន្នរបស់ពួកគេ មានការកើនឡើង ២៨ភាគរយ បើប្រៀបធៀបនឹងចន្លោះឆ្នាំមុននោះ៕