(វ៉ាស៉ីនតោន)៖ ក្រុមអ្នកគាំទ្រអ៉ីស្រាអែល បានវាយប្រហារលើក្រុមគាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យ California ក្នុងទីក្រុង Los Angeles (UCLA) កាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនអ្នកតវ៉ា ៣០០នាក់ ចំពោះមុខការកើនឡើងនូវការតវ៉ាជុំវិញសង្រ្គាម ក្នុងតំបន់ហ្កាហ្សា នៅតាមមហាវិទ្យាល័យនានារបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

សិស្សនិស្សិតបានប្រមូលផ្តុំគ្នា ឬបោះតង់នៅតាមសាលារៀនរាប់សិបកន្លែងទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសម្តែងការប្រឆាំង ទៅនឹងសង្គ្រាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា និងទាមទារឱ្យសាលាដកខ្លួនចេញពីការពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលគាំទ្ររដ្ឋាភិបាលអ៉ីស្រាអែល។ រីឯខាង សាលាជាច្រើនបានអំពាវនាវឲ្យប៉ូលិសចូលរួមក្នុងការបញ្ឈប់ការតវ៉ា។

វីដេអូពីសាក្សីនៅ UCLA ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Reuters បានឱ្យឃើញក្រុមមនុស្សកាន់ដំបងវាយរបាំងឈើ ដែលត្រូវបានដាក់ពង្រាយបណ្តោះអាសន្ន ដើម្បី ការពារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន មុនពេលមានការដាក់ពង្រាយប៉ូលិស។ ក្រុមមន្រ្តីនៅ UCLA ចាត់ទុកថា ការបោះជំរំនៅសាលាជារឿង ខុសច្បាប់រំលោភ លើគោលការណ៍របស់សាកលវិទ្យាល័យ និងការនាំមនុស្សពីខាងក្រៅចូលមកប្រមូលផ្តុំក្នុងសាលា។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅឯ UCLA និងក្នុងទីក្រុងញូវយ៉ក គឺជាសកម្មភាពដ៏ធំមួយរបស់និស្សិតអាមេរិក គិតចាប់តាំងពីការប្រមូលផ្តុំប្រឆាំង ការរើសអើងជាតិសាសន៍ និងការដើរដង្ហែក្បួនឆ្នាំ២០២០។ បើតាមអភិបាលក្រុងញូវយ៉ក លោក Eric Adams អ្នកដែលត្រូវចាប់ខ្លួននៅសាកលវិទ្យាល័យ Columbia និងសាលាផ្សេងទៀត ក្នុងទីក្រុងញូវយ៉ក ចំនួន៣០០នាក់ ភាគច្រើននៃពួកគេត្រូវបានចោទប្រកាន់ពីការរំលោភបំពាន និងបទព្រហ្មទណ្ឌ៕