(ញូវដែលី)៖ សាលារៀនជាង ៥០ នៅក្នុងតំបន់រដ្ឋធានីនៃប្រទេសឥណ្ឌា បាននាំគ្នាជម្លៀសសិស្សចេញនៅថ្ងៃពុធនេះ បន្ទាប់ពីពួកគេទទួលបាន សារគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈអ៉ីម៉ែល ប៉ុន្តែប៉ូលិសបាននិយាយថា «គ្មានវត្ថុគួរឱ្យសង្ស័យណាមួយ» ត្រូវបានរកឃើញនៅក្បែរសាលារៀនទាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។

ក្រុមមន្រ្តីនិយាយថា សាលារៀននៅតំបន់ Delhi ជាទីដែលរដ្ឋធានីញូវដែលីស្ថិតនៅ បានទទួលអ៉ីម៉ែលគំរាមកំហែង ដែលបង្កឱ្យមាន ការភ័យស្លន់ស្លោ ក្នុងចំណោមឪពុកម្តាយ និងជំរុញឱ្យខាងសាលាបញ្ជូនសិស្សត្រលប់ទៅផ្ទះវិញ។ សារបោកបញ្ឆោតនោះ ប៉ះពាល់ដល់ សិស្សសាលារាប់ពាន់នាក់ រាប់ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាកទី១២។ បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសតំបន់ ​Delhi «ប៉ូលិសបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ នូវសាលារៀនទាំងអស់នោះ ទៅតាមជំនាញ... វាបង្ហាញថាសារអ៉ីម៉ែលទាំងនេះ ហាក់ដូចជាករណីបោកបញ្ឆោត»។ ក្រសួងមហាផ្ទៃឥណ្ឌា បានឱ្យដឹងថាបណ្តាញសង្គម X ថា ទីភ្នាក់ងារសន្តិសុខកំពុងចាត់វិធានការ គ្រប់បែបយ៉ាង។ ចំណែក រដ្ឋមន្រ្តីអប់រំប្រចាំតំបន់ Delhi លោកស្រី Atishi Marlena និយាយថា អាជ្ញាធរនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឪពុក-ម្តាយរបស់សិស្ស ទៅតាមតម្រូវការ។

គួរបញ្ជាក់ថា សាលារៀនផ្សេងៗដែលមិនបានទទួលអ៉ីមែលនេះ ក៏បានផ្ញើសារប្រាប់ឪពុកម្តាយសិស្ស អំពីសុវត្ថិភាពកូនៗរបស់ពួកគេ ផងដែរ។ កន្លងមក ក៏ធ្លាប់មានករណីគំរាមកំហែងរបៀបនេះ ចំពោះសាលារៀនក្នុងទីក្រុងញូវដែលី ថែមទៀតផង ប៉ុន្តែសុទ្ធតែជាករណីបោកបញ្ឆោត ប៉ុណ្ណោះ៕