(កង់បេរ៉ា)៖ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា កូរ៉េខាងត្បូងបានបើកកិច្ចពិភាក្សា ស្តីពីការចូលរួមក្នុងផ្នែកមួយ នៃកិច្ចព្រមព្រៀងសន្តិសុខ-ការពារជាតិ AUKUS របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ពោលគឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី AUKUS បានបង្ហើបថា ខ្លួននឹងពិចារណាទទួលយកជប៉ុនឱ្យចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។

បង្កើតឡើងកាលពីឆ្នាំ២០២១ AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខដែលមាន២ផ្នែក និងមានគោលដៅចម្បងទប់ទល់ការកើនឡើង នៃដែនឥទ្ធិពលរបស់ចិន នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ ស្របពេលដែលផ្នែកទី១ នៃកិច្ចព្រមព្រៀងនេះ ផ្តោតលើការផ្តល់បច្ចេកវិទ្យានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្រ្តាលី ហើយត្រូវបានកំណត់សម្រាប់តែ ភាគីស្នូលទាំង៣ផ្ទាល់ប៉ុណ្ណោះនោះ ពួកគេបានលើកឡើងអំពី​លទ្ធភា ពនៃការទទួលយកប្រទេសដទៃទៀត ឱ្យចូលរួមក្នុងផ្នែកទី២ ឬ Pillar 2 ដែលមានគោលដៅចែករំលែក បច្ចេកវិទ្យាយោធា​ដទៃទៀត ដូចជាអាវុធល្បឿនលឿនជាងសំឡេង ជាដើម។

អំឡុងសន្និសីទសារព័ត៌មានមួយ ក្រោយជំនួបក្រុមរដ្ឋមន្រ្តីការបរទេស និងការពារជាតិកូរ៉េខាងត្បូង-អូស្រ្តាលី លោក Shin បាននិយាយថា កូរ៉េខាងត្បូងអាចចូលរួមចំណែក ក្នុងផ្នែកទី២របស់ AUKUS ជាមួយសមត្ថភាពវិស័យការពារជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ខ្លួន។ លោកប្រមុខការពារជាតិកូរ៉េខាងត្បូង បានលើកឡើងដូច្នេះថា «ក្នុងជំនួបថ្ងៃនេះ យើងបានពិភាក្សាអំពីលទ្ធភាពនៃការធ្វើជាដៃគូ នៅក្នុង AUKUS Pillar 2។ យើងគាំទ្រសកម្មភាពនៃ AUKUS Pillar 2 ហើយយើងពិតស្វាគមន៍ ប្រសិនបើសមាជិកស្នូលរបស់ AUKUS ពិចារណាទទួលយកកូរ៉េខាងត្បូង ជាដៃគូមួយនៅក្នុង AUKUS Pillar 2»។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងមានឧស្សាហកម្មការពារជាតិឈានមុខមួយ នៅលើ​ពិភពលោក ត្រូវបានគេនាំគ្នាសន្និដ្ឋានជាយូរមកហើយថា អាចនឹងក្លាយជាដៃគូក្នុងផ្នែកទី២ នៃកិច្ចព្រមព្រៀង AUKUS រួមជាមួយកាណាដា នូវែលសេឡង់ និងជប៉ុន។ មិនដល់មួយខែមុននោះទេ AUKUS បានប្រកាសថា ពួកគេកំពុងពិចារណាធ្វើការជាមួយ​ជប៉ុន ជុំវិញគម្រោងនៃ Pillar 2 ហើយនឹងបើកកិច្ចពិភាក្សាផ្លូវការ ស្តីពីការចូលរួមរបស់ទីក្រុងតូក្យូ នៅក្នុងឆ្នាំនេះ៕