(កៀវ)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថាវាមិនទាន់យឺតពេលពេកនោះទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះក្នុងសង្រ្គាម បើទោះជាកំពុងខ្វះខាតសព្វាវុធ និងចំនួនកងទ័ព ចំពោះមុខការរីកចម្រើនរបស់កងទ័ពរុស្ស៉ីក៏ដោយ ខណៈកំពុងរង់ចាំទទួលជំនួយអាវុធពីសម្ព័ន្ធមិត្ត។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Stoltenberg ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ និងចំពេលកងទ័ពរុស្ស៉ីបានអះអាងពីជ័យជម្នះពីការវាយដណ្ដើមបានភូមិទី២ នៅក្នុងតំបន់ភាគខាងកើត នៃប្រទេស អ៊ុយក្រែន។

«អ៊ុយក្រែនបានប្រឈមមុខនឹងការខ្វះខាតអស់រយៈពេលជាច្រើនខែមកហើយ ដោយត្រូវបង្ខំចិត្តប្រើប្រាស់យ៉ាងសន្សំសំច្ចៃនៃអាវុធរបស់ខ្លួន... ប៉ុន្តែវាមិនទាន់យឺតពេល ពេកនោះទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ»។ នេះជាការបញ្ជាក់របស់លោក Jens Stoltenberg ដោយបន្ថែមថាការពន្យារពេលនៃការផ្គត់ផ្គង់អាវុធរបស់ លោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន បានបង្កជាផលវិបាកធ្ងន់ធ្ងរនៅលើសមរភូមិ។ តែទោះជាបែបនេះក្ដី ប្រមុខ NATO នៅតែទទូចថា ការគំាទ្របន្ថែមរបស់លោកខាងលិចកំពុងស្ថិតនៅតាមផ្លូវបញ្ជូនទៅឱ្យទីក្រុងកៀវ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើជំនួយយោធាពីលោកខាងលិច ដើម្បីអាចទប់ទល់នឹង កងទ័ពរុស្ស៉ី។ រុស្ស៉ីកាលពីថ្ងៃចន្ទ បាននិយាយថាខ្លួនវាយដណ្ដើមបានភូមិ Semenivka ស្ថិតនៅក្បែរទីក្រុង Avdiivka ដែលត្រូវបានកងទ័ពរុស្ស៉ីដណ្ដើមបាន កាលពី ខែកុម្ភៈកន្លងទៅ។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ទីក្រុងមូស្គូក៏បានអះអាងដែរពីការវាយដណ្ដើមបានភូមិ Novobakhmutivka៕