(វ៉ាស៊ីនតោន)៖ នៅមុនការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានគេរាយការណ៍ថាបានចែករំលែក ព័ត៌មានអាសន្ន ពាក់ព័ន្ធនឹងការវាយប្រហារនេះជាមួយសហរដ្ឋអាមេរិក។ ក្រោយមក ទីបញ្ជាការកណ្ដាលយោធាអាមេរិកបានប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីជួយសម្របសម្រួល ការឆ្លើយតប ជាមួយអ៉ីស្រាអែល និងប្រទេសអារ៉ាប់ជាដៃគូ។ ក្នុងនោះហ្ស៊កដានី បានអនុញ្ញាតឱ្យយន្ដហោះចម្បាំងអាមេរិក និងអង់គ្លេសធ្វើសកម្មភាពក្នុងដែនអាកាសរបស់ខ្លួនស្ទាក់ បាញ់ទម្លាក់ដ្រូន និងមីស៊ីលអ៉ីរ៉ង់ដោយផ្ទាល់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ថែមទាំងបានឱ្យដឹងទៀតផងថាប្រសិនបើមិនមានការជួយពីបណ្ដាប្រទេសក្នុងតំបន់ទេ ម្ល៉េះអ៉ីស្រាអែល អាច នឹងរងការខាតបង់ធ្ងន់ដោយសារតែការវាយប្រហារពីអ៉ីរ៉ង់ ហើយសង្រ្គាមរវាងប្រទេសទាំង២ ក៏ប្រហែលជាអាចនឹងផ្ទុះឡើងក៏ថាបាន។

ក៏ប៉ុន្តែ ភ្លាមៗមានសញ្ញាជាច្រើនបង្ហាញថាតួនាទីរបស់អារ៉ាប់ នៅក្នុងការទប់ស្កាត់ការវាយប្រហាររបស់អ៉ីរ៉ង់ គឺមានព្រំដែនកំណត់។ ទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមសុទ្ធតែ បានចេញមុខបដិសេធថាខ្លួនមិនបានចូលរួមចំណែកធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ដើម្បីការពារអ៉ីស្រាអែលនោះទេ ស្របពេលព្រះមហាក្សត្រហ្ស៊កដានី King Abdullah II បានមានបន្ទូលថាប្រទេសរបស់ព្រះអង្គធ្វើសកម្មភាពគ្រាន់តែការពារអធិបតេយ្យ និងសន្តិសុខរបស់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីការពារអ៉ីស្រាអែល ទេ។

ក្រុមអ្នកវិភាគយល់ថាសកម្មភាពរបស់បណ្ដាប្រទេសអារ៉ាប់ ក្នុងការជួយទប់ស្កាត់ការវាយប្រហាររបស់អ៉ីរ៉ង់ គឺធ្វើឡើងដោយសារតែចង់រក្សាទំនាក់ទំនងល្អរបស់ពួកគេជាមួយអាមេរិក មិនមែនមានន័យថាពួកគេចង់ខិតកាន់តែជិតជាមួយអ៉ីស្រាអែល ដើម្បីប្រឆាំងអ៉ីរ៉ង់ឡើយ។ ម្យ៉ាងវិញទៀត នៅប៉ុន្មានខែខាងមុខ បណ្ដារដ្ឋអារ៉ាប់ទំនងជានឹងប្រឹងប្រែងរក្សាតុល្យភាព បែបនេះជាមួយការអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ និងដកខ្លួនចេញឆ្ងាយពីសកម្មភាពវាយប្រហារណាមួយរបស់អ៉ីស្រាអែលប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ បានន័យថា ដរាបណា ភាពតានតឹងរវាងអ៉ីស្រាអែល ​និងអ៉ីរ៉ង់នៅតែបន្ត ពួកគេក៏ប្រហែលជានឹងកាន់តែមានការស្ទាក់ស្ទើរកាន់តែខ្លាំងក្នុងការគាំទ្រអ៉ីស្រាអែល ហើយការស្ទាក់ស្ទើរនេះដែរនឹងកាន់តែ កើនឡើង ប្រសិនបើអ៉ីស្រាអែលពិតជាវាយលុកតាមជើងគោកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងជ្រកកោន តាមផែនការមែននោះ។

ជាការពិតណាស់ ប្រទេសអារ៉ាប់ជាច្រើន មានការព្រួយបារម្ភដូចគ្នាទៅនឹងអ៉ីស្រាអែលដែរ ជុំវិញសកម្មភាពរបស់អ៉ីរ៉ង់នៅក្នុងតំបន់ តួយ៉ាងដូចជាការជួយបំពាក់អាវុធដល់ចលនាប្រដាប់អាវុធ ឬក្រុម Proxy របស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។ តែទោះជាបែបនេះក្ដី អារ៉ាប់ក៏មានការគិតគូរបស់ពួកគេដែរ នោះគឺការបើកចំហទំនាក់ទំនងការទូតដោយផ្ទាល់ ការដាក់សម្ពាធសេដ្ឋកិច្ច និងការទុកផ្លូវក្រោយសម្រាប់ទំនាក់ទំនងជាមួយអ៉ីរ៉ង់ គឺជាមធ្យោបាយដ៏ល្អប្រសើរអាចការពារផលប្រយោជន៍របស់ពួកគេ និងអាចជួយបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង។ ដូច្នេះមិនថាអ៉ីរ៉ង់ និងអ៉ីស្រាអែលមានភាពតានតឹងគ្នាកម្រិតណានោះទេ ក៏អារ៉ាប់មិនទំនងជានឹងដើរចេញពី «ការរក្សាតុល្យភាព» ដែលពួកគេកំពុងអនុវត្តនោះដែរ។ កិច្ចប្រឹងប្រែងរបស់អារ៉ាប់ដើម្បីភ្ជាប់ ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីរ៉ង់ បានកើនឡើងជាលំដាប់តាំងតែពីមុនសង្រ្គាមហ្កាហ្សាផ្ទុះឡើងមកម្ល៉េះ ខណៈកិច្ចចរចាស្ដីពីការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែលនៅតែបន្ត ជាប់គាំង។

ជាការសាកល្បងបញ្ចុះបញ្ចូលអ៉ីស្រាអែលគិតឱ្យបានវែងឆ្ងាយជាងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា អារ៉ាប៊ីសាអូឌីត បាន និងកំពុងបន្តលើកឡើងពីលទ្ធភាពនៃការភ្ជាប់ ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល ក្រោមលក្ខខណ្ឌនៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ ប៉ុន្តែ អ៉ីស្រាអែលមិនបានអើពើនឹងការបញ្ចុះបញ្ចូលរបស់អារ៉ាប៊ីសាអូឌីតឡើយ ហើយនេះ អាចមកពីអ៉ីស្រាអែលជឿស៊ប់ថានៅក្រោយចប់សង្រ្គាមហ្កាហ្សា ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអារ៉ាប់គឺជារឿងមុន ឬក្រោយតែប៉ុណ្ណោះ។ តែអនាគតនៃការភ្ជាប់ទំនាក់ទំនងរវាងអារ៉ាប់ និងអ៉ីស្រាអែលប្រហែលជានឹងមិនអាចកើតឡើងក្រោមគំនិតជឿស៊ប់បែបនេះទេ។ បណ្ដារដ្ឋអារ៉ាប់ អាចនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោនលើវិស័យមីស៊ីលការពារដែន អាកាស ហើយកិច្ចសហប្រតិបត្តិការរបៀបនេះមិនចាំបាច់តម្រូវដាច់ខាតត្រូវតែមានការសម្របសម្រួលដោយផ្ទាល់ជាមួយអ៉ីស្រាអែលឡើយ។

គួរបញ្ជាក់ថា បណ្ដាប្រទេសអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត ស្វាគមន៍ជានិច្ចចំពោះកិច្ចប្រឹងប្រែងរបស់អ៉ីស្រាអែល ក្នុងការធ្វើឱ្យថយចុះសមត្ថភាពរបស់ចលនាប្រដាប់អាវុធគាំទ្រ ដោយអ៉ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែ ពួកគេនឹងប្រឆាំងជំទាស់នឹងរាល់ការវាយប្រហារដោយផ្ទាល់របស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ដែលអាចនឹងបង្កអស្ថិរភាពដល់តំបន់ទាំងមូល និងបំផ្លាញការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ពួកគេ ឬក៏អាចធ្វើឱ្យអ៉ីរ៉ង់បើកការវាយប្រហារលើប្រទេសអារ៉ាប់ណាមួយតែប៉ុណ្ណោះ។ ម្យ៉ាងទោះជាអារ៉ាប់ប្រឹងប្រែងរក្សាផលប្រយោជន៍ក្នុងទំនាក់ទំនងវិស័យការពារជាតិ ជាមួយទីក្រុងវ៉ាស៊ីនតោនក៏ពិតមែន តែពួកគេមិនចង់ចូលរួមក្នុងប្លុក ឬបក្សសម្ព័ន្ធផ្លូវការណាមួយ ដើម្បីប្រឆាំងនឹងអ៉ីរ៉ង់ និងខ្នងបង្អែករបស់អ៉ីរ៉ង់ ដូចជារុស្ស៉ីនោះដែរ។ ជំនួសមកវិញ ពួកគេ ពេញចិត្តនឹងតុល្យភាពទំនាក់ទំនងក្នុងតំបន់ និងសកលលោក តែមិនមែនជាការរុះ ឬបំផ្លាញស្ពានចោលឡើយ៕