(ប៉េកាំង)៖ ថ្ងៃទី២៧ ខែមេសា លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានអះអាងថា ចាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណតិ្តនេះ ឡើងកាន់រដ្ឋអំណាចកាលពីឆ្នាំ២០២២មក ក្រសួងការពារជាតិមិនដឹង ហើយមិនដែលឈានដល់ កិច្ចព្រមព្រៀងផ្ទៃក្នុងណាទាំងអស់ ជាមួយប្រទេសចិនអំពី ជម្លោះសមុទ្រចិនខាងត្បូងទេ ។ នេះជាការបដិសោធជាសាធារណៈជាថ្មីម្តងទៀត របស់ភាគីហ្វីលីពីនចំពោះការដែលចិននិងហ្វីលីពីនបានឈានដល់ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"អំពីបញ្ហាថ្មប៉ប្រះទឹក Ren’ai។

តើ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា" នេះបានកើតឡើងយ៉ាងដូចម្តេច? បានឈានដល់កិច្ចសន្យាណាខ្លះ? បានដើរតួនាទីណាខ្លះ ? ជាបន្តទៀត សូមរំលឹកឡើងវិញនូវប្រវតិ្តសាស្ត្របន្តិច នោះអ្នកផងទាំងពួងនឹងដឹងច្បាស់អំពីរឿងនេះ។

ថ្មប៉ប្រះទឹកRen’ai ជាថ្មប៉ប្រះទឹកគ្មានមនុស្សស្នាក់នៅនៅប្រជុំកោះ Nansha នៃប្រទេសចិន។ មាត្រាទី៥ នៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ដែលប្រទេសចិននិងប្រទេសអាស៊ាន ក្នុងនោះក៏បូករួមទាំងហ្វីលីពីនផងបានចុះហត្ថលេខា បានកំណត់យ៉ាងច្បាស់ថា គួរតែរក្សាសភាពការណ៍ "គ្មានមនុស្សស្នាក់នៅ គ្មានសំណង់"នៅថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ នៃសមុទ្រចិនខាងត្បូង។ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ១៩៩៩ នាវាចម្បាំង The Sierra Madre mountain បាន "ទុកចោល "ដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai។ បន្ទាប់ពីចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ហ្វីលីពីនបានសន្យាជាច្រើនលើកថា នឹងអូសចេញនាវាចម្បាំងដែល "ទុកចោល "ដោយខុសច្បាប់ ប៉ុន្តែ ២៥ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីននៅមិនទាន់អូសនាវាចម្បាំងនេះ ចេញទៅនៅឡើយទេ។

ក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោក Duterte ដើម្បីពង្រឹងនិងគ្រប់គ្រងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រទេសទាំងពីរចិននិងហ្វីលីពីន បានឈានដល់ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"មួយច្បាប់អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។ ភាគីហ្វីលីពីនបានសន្យាថា មិនដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងដែល "ទុកចោល "ដោយខុសច្បាប់ទៀត ដោយគិតពីផ្នែកមនុស្សធម៌ ប្រទេសចិនបានរៀបចំចាត់ចែងជាពិសេស ដោយបណ្តោះអាសន្នចំពោះទង្វើដែលភាគីហ្វីលីពីន ដឹកជញ្ជូនសម្ភារៈជីវភាពរស់នៅ ដ៏ចាំបាច់ទៅកាន់នាវាចម្បាំងដែល "ទុកចោល "ដោយខុសច្បាប់។ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា" មិនមែនជាកិច្ចព្រមព្រៀងសម្ងាត់ទេ ហើយក៏មិនពាក់ព័ន្ធដល់គោលជំហរអំពី អធិបតេយ្យភាពរៀងខ្លួននោះដែរ។

បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណតិ្តនេះ បានឡើងកាន់រដ្ឋអំណាចកាលពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២៣ សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ នៃភាគីទាំងពីរចិននិងហ្វីលីពីន សុទ្ធតែគោរពកិច្ចព្រមព្រៀងនេះជាប់រហូត។ ដោយឡែក ភាគីចិនបានរាយការណ៍និងប្រាស្រ័យទាក់ទង អំពីកិច្ចការពាក់ព័ន្ធនឹង "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា" ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលហ្វីលីពីនជាច្រើនលើក។ ប៉ុន្តែ បន្ទាប់ពីបានអនុវត្តការបំពានចូល ដែនសមុទ្រពាក់ព័ន្ធ ដោយខុសច្បាប់មួយលើក ភាគីហ្វីលីពីនក៏បានលុបចោលដោយឯកតោភាគី នូវការយោគយល់និងការរៀបចំទាំងអស់។

អាចឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសហ្វីលីពីនអះអាងថា មិនដែលដឹងពី "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា" ដែលរដ្ឋាភិបាលអាណតិ្តមុនឈានដល់ ជាមួយប្រទេសចិន គឺធ្វើពុតជាល្ងង់សុទ្ធសាធ។ នៅពេលមុននេះមិនយូរប៉ុន្មាន ក្នុងអំឡុងពេលលោក Marcos ប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក អ្នកតវ៉ានៃប្រទេសហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនបាននិងកំពុងត្រូវអាមេរិកអូសឱ្យចូលអ្វីដែលហៅថា "ខ្សែសង្វាក់កោះទីមួយ" នេះជាយុទ្ធសាស្ត្រភូមិសាស្ត្រ នយោបាយរបស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិន។ មានអ្នកវិភាគបានលើកឡើងថា ដើម្បីគាំពារផលប្រយោជន៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកបាននិងកំពុងប្រែ ហ្វីលីពីនទៅជា "ទឹកដីអាណានិគមថ្មី" ក្នុងន័យបញ្ជាឱ្យហ្វីលីពីនញុះញង់ និងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងជ្រៀតជ្រែកកិច្ចការក្នុងតំបន់ ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន និងគាំពារអនុត្តរភាពនៅលើពិភពលោកទាំងមូល។

ហ្វីលីពីនប្រញាប់បង្ករឿងដើម្បីបម្រើដល់អាមេរិក តាមពិតទៅ គឺនាំចចកចូលផ្ទះ និងនាំភ្លើងដាក់ខ្លួន។ ភាគីហ្វីលីពីនបដិសេធ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា" រវាងចិននិងហ្វីលីពីន ទង្វើនេះនឹងធ្វើឱ្យហ្វីលីពីនក្លាយជាអ្នកទោស ដែលមិនខ្វល់ពីប្រវត្តិសាស្ត្រ បាត់បង់ជំនឿចិត្ត និងបង្ករឿងក្នុងកិច្ចការតំបន់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន