(ប៉េកាំង)៖ "ប្រទេសចិនមានក្តីសោមនស្សរីករាយ ដែលបានមើលឃើញសហរដ្ឋអាមេរិក ប្រកបដោយជំនឿចិត្តលើខ្លួនឯង ភាពបើកទូលាយ វិបុលភាពនិងការអភិវឌ្ឍ ហើយរំពឹងថា សហរដ្ឋអាមេរិកក៏នឹងប្រើក្រសែភ្នែកដ៏វិជ្ជមានទៅមើល ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ"។ កាលពីថ្ងៃទី ២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញអាកប្បកិរិយា ដូចពោលខាងលើនៅពេលជួបពិភាក្សាការងារជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានបំពេញ ទស្សនកិច្ចនៅប្រទេសចិន។ ក្នុងកិច្ចជំនួបលើកនេះ ភាគីសហរដ្ឋអាមេរិកបានរំលឹកឡើងវិញ ពីកិច្ចសន្យាផ្នែកនយោបាយជាច្រើន ចំពោះប្រទេសចិន ហើយរំពឹងថា នឹងរក្សាការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន អនុវត្តយ៉ាងផ្ចិតផ្ចង់នូវគំនិតឯកភាពរួមដែលប្រមុខរដ្ឋ នៃប្រទេសទាំងពីរបានឈានដល់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនទទួលបានការអភិវឌ្ឍ ប្រកបដោយស្ថិរភាព។

ចាប់តាំងពីកិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងអាមេរិកនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងមក ទំនាក់ទំនងរវាងចិននិងអាមេរិក បានបញ្ឈប់ការធ្លាក់ចុះ និងឆ្ពោះទៅរកស្ថិរភាពជាទូទៅ ដោយឡែកភាគីទាំងពីរបានធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងវិស័យកិច្ចការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការអនុវត្តច្បាប់ កសិកម្មនិងកងទ័ពទាំងពីរជាដើម។ ដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅប្រទេសចិនលើកនេះបានបន្តនិន្នាការ នៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់ រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួម ៥ ចំណុច ក្នុងនោះបូករួមទាំង ការបន្តធ្វើការប្រាស្រ័យទាក់ទង រវាងកងទ័ពទាំងពីរ ជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកក្នុង វិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន បម្រែបម្រួលអាកាសធាតុនិងភាពវៃឆ្លាតសិប្បនិម្មិត ក៏ដូចជាពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម ប្រការទាំងនេះបានបង្ហាញឱ្យឃើញថា ភាគីទាំងពីរសុទ្ធតែមានឆន្ទៈរក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិត និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនការអនុវត្តគំនិតឯកភាពរួមនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។

ព្រមពេលជាមួយគ្នានេះ យើងក៏ត្រូវមើលឃើញដែរថា ទោះបីជាទំនាក់ទំនងរវាងចិននិងអាមេរិកមានការកែសម្រួលក៏ដោយ ប៉ុន្តែកត្តាអវិជ្ជមាន ក៏បានកើនឡើងផងដែរ។ ពីការឃោសនាបំប៉ោងជាញឹកញាប់ នូវអ្វីដែលហៅថា "អតិរេកសមត្ថភាពផលិតកម្ម" របស់ឧស្សាហកម្មថាមពលថ្មីនៃប្រទេសចិន រហូតដល់ការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយដល់បរទេសដែលពាក់ព័ន្ធនឹង តំបន់ចិនតៃវ៉ាន់ ពីការមួលបង្កាច់លើបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង រហូតដល់ការបង្កើតជា "ក្រុមសម្ព័ន្ធតូច" ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិននៅអាស៊ីប៉ាស៊ីហ្វិក ទង្វើជាបន្តបន្ទាប់របស់អាមេរិកបែបនេះបាននាំមក នូវផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនង រវាងចិននិងអាមេរិក។

លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការទូតរបស់ចិនបានវិភាគថា ទង្វើដែលនិយាយផ្សេងធ្វើផ្សឹងបែបនេះ គឺជាចរិតអាក្រក់មួយរបស់រដ្ឋាភិបាលអាមេរិក ក្នុងការដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិន។ បើមើលឱ្យកាន់តែស៊ីជម្រៅ អាចឃើញថា មួយផ្នែក សហរដ្ឋអាមេរិកត្រូវការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន តែមួយផ្នែកទៀត ក៏ព្យាយាមទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ប្រការនេះបង្ហាញឱ្យឃើញថា អ្នកនយោបាយមួយចំនួនរបស់អាមេរិក បាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈផលបូកសូន្យ ដែលបានចាត់ទុកចិនថាជា "គូប្រជែងយុទ្ធសាស្ត្រធំបំផុត" ដោយខុសឆ្គង ហើយបានធ្វើវិនិច្ឆ័យដោយខុសឆ្គងខាងយុទ្ធសាស្ត្រ ចំពោះគោលបំណងអភិវឌ្ឍន៍របស់ចិន។

សូមបញ្ជាក់ថា គោលបំណងអភិវឌ្ឍន៍របស់ចិនគឺធ្វើឱ្យប្រជាជន អាចមានជីវភាពរស់នៅដ៏ល្អប្រសើរ តែមិនមែនជំនួសអាមរិកនោះទេ ។ ជាងនេះទៅទៀត ជានិច្ចកាល ប្រទេសចិនតែងតែវាយតម្លៃទំនាក់ទំនងរវាងចិននិងអាមេរិក ដោយឈរលើមុំគាំពារសុខសុភមង្គល ជាមូលដ្ឋាន របស់ប្រជាជននៃប្រទេសទាំងពីរ គាំពារសន្តិភាព និងស្ថិរភាពពិភពលោក ក៏ដូចជាផ្តួចផ្តើមឱ្យគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅប្រទេសចិនលើកនេះ ប្រទេសចិនបានដាស់តឿនម្តងទៀត ឱ្យសហរដ្ឋអាមេរិកគិតពិចារណាពី ទិសដៅនៃទំនាក់ទំនងចិន-អាមេរិក ហើយបានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ បំពាក់អាវុធឱ្យតំបន់តៃវ៉ាន់ ក៏ដូចជាសង្កត់ធ្ងន់ថា សិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ របស់ប្រជាជនចិន គឺមិនអាចដកហូតបាន ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់គ្រប់គ្រងទំនាក់ទំនង រវាងចិននិងអាមេរិកប្រកបដោយទំនួលខុសត្រូវ នោះក៏គួរតែស្តាប់ឱ្យបានច្បាស់ នូវសំឡេងទាំងនេះ ហើយនឹងអនុវត្តពាក្យសន្យារបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែង។

នាពេលបច្ចុប្បន្ននេះ និន្នាការស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺបានមកដោយមិនងាយទេ ហើយក៏ទទួលបានការស្វាគមន៍ ពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិផងដែរ ។ ភាគីទាំងពីរគួរបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យ "ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ" ក្លាយទៅជា "ការពិត" ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកមានស្ថិរភាព មានភាពល្អប្រសើរឡើង និងវិវឌ្ឍរីកចម្រើនទៅមុខដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន