(បេរូត)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Stephane Sejourne បានឱ្យដឹងថា មានវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជាមួយ មន្ត្រីជាន់ខ្ពស់នៅប្រទេសបង់ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងក្រុមហេសប៊ូលឡា និងអ៉ីស្រាអែល ក៏ដូចជាការផ្ទុះសង្គ្រាមថ្មីទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ ២០២៤។

បារាំង មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយលីបង់ ហើយកាលពីដើមឆ្នាំនេះ លោក Sejourne បានដាក់សំណើឱ្យក្រុមហេសប៊ូលឡា ដកថយពីព្រំដែនអ៉ីស្រាអែល ១០គីឡូម៉ែត្រ ខណៈដែលឱ្យអ៉ីស្រាអែល បញ្ឈប់ការវាយប្រហារនៅភាគខាងត្បូងលីបង់។ សំណើលាយលក្ខណ៍អក្សនោះ ក៏ពិនិត្យលើបញ្ហាព្រំដែនរយៈពេលវែង ដោយការពិភាក្សាជាមួយដៃគូនានា រួមទាំងសហរដ្ឋអាមេរិក ផងដែរ។

ក្រោយត្រលប់មកពីទីស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិប្រចាំលីបង់ (UNIFIL) នៅតំបន់ Naqoura ភាគខាងត្បូងប្រទេស លោក Sejourne បានប្រាប់មេបញ្ជាការ UNIFIL ថា «បើខ្ញុំមើលទៅលើស្ថានភាពថ្ងៃនេះ ប្រសិនបើមិនមាន សង្រ្គាមនៅហ្គាហ្សាទេនោះ យើងអាចកំណត់អំពីលទ្ធភាពនៃការប៉ះទង្គិចគ្នានៅភាគខាងត្បូងលីបង់ និងផលប៉ះពាល់មកលើ តំបន់នេះបាន»

ដោយឡែក បន្ទាប់ពីបានជួបប្រធានសភាដ៏មានឥទ្ធិពលរបស់លីបង់ និងជាសម្ព័ន្ធមិត្តរបស់ហេសប៊ូលឡា លោក Nabih Berri ក៏ដូចជាលោក Joseph Aoun ប្រមុខកងទ័ពលីបង់ លោក Sejourne បានថ្លែងថា មានវឌ្ឍនភាពច្រើន ជុំវិញសំណើរបស់បារាំង ប៉ុន្តែ​មិន​បានផ្តល់ព័ត៌មានលម្អិត​ទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហេសប៊ូលឡា បានបាញ់ផ្លោងដាក់គ្នាក្នុងមួយរយៈពេលចុងក្រោយនេះ ហើយកាន់តែខ្លាំងឡើង ថែមទៀតចាប់តាំងពីអ៉ីរ៉ង់ បាញ់ស្រោចមីស៉ីល និងយន្តហោះដ្រូនលើអ៉ីស្រាអែល ជាការសងសឹកនឹងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី១ ខែមេសា ដែលបានបំផ្លាញផ្នែកខ្លះក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ ប្រចាំទីក្រុងដាម៉ាស ប្រទេសស៉ីរី និងសម្លាប់មន្រ្តីអ៉ីរ៉ង់ជាច្រើននាក់៕