(ម៉ានីល)៖ ប្រទេសហ្វីលីពីន នឹងតម្រូវឱ្យសិស្សនៅតាមសាលារដ្ឋទាំងអស់រៀនតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃ ដោយសារតែរលកកម្ដៅក្ដៅខ្លាំងពេក និងការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្ដក្រុង jeepney នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំហ្វីលីពីន ដកស្រងចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ក្រសួងអប់រំហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «ផ្អែក លើការព្យាករពីរលកម្ដៅដ៏ក្ដៅ ....គួបផ្សំនឹងការប្រកាសធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្ដក្រុង សាលរដ្ឋទាំងអស់ទូទាំងប្រទេសនឹងត្រូវបើកបង្រៀនតាម ប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤»

រលកកម្ដៅខុសប្លែកពីសព្វដង បានវាយប្រហារលើប្រទេសហ្វីលីពីនអស់រយៈពេលច្រើនសប្ដាហ៍មកហើយ ដោយបង្ខំឱ្យសាលារាប់ពាន់កន្លែងត្រូវបើកបង្រៀន តាមប្រព័ន្ធអនឡាញ ខណៈក្រសួងអប់រំហ្វីលីពីនកំពុងត្រួតពិនិត្យតាមដានលើសាលាជាង ៤៧ ០០០កន្លែងនៅទូទាំងប្រទេស។

សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីន មិនមានបំពាក់ម៉ាស៊ីនត្រជាក់នោះទេ ដែលនេះបានផ្ដល់ការលំបាកដល់សិស្សអំឡុងរងការវាយប្រហារដោយរលក កម្ដៅនេះ។ ចំណែក ក្រុមអ្នកបើករថយន្ដក្រុង jeepney វិញ ក៏បានប្រកាសពីការធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ៣ថ្ងៃផងដែរ ដោយចាប់ផ្ដើមពីថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ដើម្បីសម​្ដែងការមិនពេញចិត្តចំពោះផែនការរបស់រដ្ឋាភិបាលដែលចង់បញ្ឈប់ការប្រើប្រាស់ជាដំណាក់កាល នូវរថយន្ដក្រុងបញ្ចេញ ផ្សែងហ៊ុយមួយនេះ ត្រូវបានប្រើប្រាស់ដោយ​ប្រជាជនហ្វីលីពីនជាច្រើនជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងទៅសាលារៀន៕