(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទ និងថ្ងៃអង្គាសប្ដាហ៍ក្រោយ ដើម្បី ជួបជាមួយដៃគូក្នុងតំបន់ និងពិភាក្សាពីកិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា រួមទាំងការដោះលែងចំណាប់ខ្លាំង។ នេះបើតាមបញ្ជាក់ពី ក្រសួងការបរទេសអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា (ម៉ោងវ៉ាស៊ីនតោន) ដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់ថាលោក Blinken នឹងពិភាក្សាពីការបង្កើនការផ្ដល់ជំនួយមនុស្សធម៌នាពេលថ្មីៗនេះ ចូលក្នុងតំបន់ហ្កាហ្សា និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការផ្ដល់ជំនួយ។ លោក Miller បន្ថែមទៀតថាលោករដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹងសង្កត់ធ្ងន់ ផងដែរពីសារៈសំខាន់នៃការបង្ការកុំឱ្យជម្លោះផ្ទុះរាលដាល និងជជែកពីកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព និងសន្តិសុខយូរអង្វែងនៅក្នុងតំបន់ ក្នុងនោះរួមមានទាំង បោះជំហានទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ រួមជាមួយការធានាសន្តិសុខសម្រាប់អ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក Antony Blinken មិនមានគម្រោងធ្វើទស្សនកិច្ចទៅកាន់អ៉ីស្រាអែលក្នុងដំណើរទស្សនកិច្ចលើកនេះទេ។ សង្រ្គាមក្នុងតំបន់ហ្កាហ្សាបានផ្ទុះឡើង ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សជាង ១២០០នាក់ និងចាប់ខ្លួនមនុស្សជាង ២៥៣នាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែ បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីនជិត ៣២ ០០០នាក់ហើយភាគច្រើនជាងស្ត្រី និងកុមារ ត្រូវបានសម្លាប់ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល៕