(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនដែលចាយពេលជាង ២ឆ្នាំមកនេះ មិនមែនត្រឹមតែបង្កការព្រួយបារម្ភខាងសន្តិសុខក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ តែគឺនៅជុំវិញ ពិភពលោកផងដែរ។ ជាពិសេសតំបន់អាស៊ីបូព៌ា ដ្បិតមានទីតាំងភូមិសាស្ត្រនៅក្បែររុស្ស៉ី ដែលនេះកំពុងធ្វើឱ្យតួអង្គសំខាន់ៗក្នុងតំបន់ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ ស្ថានការណ៍វិវត្តន៍នៃសង្រ្គាមនេះ។ នៅក្រោមស្ថានការណ៍ភូមិសាស្ត្រនយោបាយថ្មីនេះដែរ កូរ៉េខាងជើងត្រូវបានគេមើលឃើញថាបាន និងកំពុងរៀបចំឡើងវិញនូវរបៀបវារៈ គោលនយោបាយការបរទេសខ្លួន ដើម្បីអាចមានកន្លែងឈរជើងនៅក្នុងចំណោមមហាអំណាចពិភពលោកដូចជារុស្ស៉ី ចិន និងសហរដ្ឋអាមេរិក។

ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក កូរ៉េខាងជើងបានបង្ហាញការគំាទ្រចំពោះលោក ពូទីន តាមរយៈការបោះឆ្នោតប្រឆាំងជំទាស់នឹងដំណោះស្រាយ UN ថ្កោលទោស សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ខណៈទម្លាក់កំហុសលើសហរដ្ឋអាមេរិកថាជាដើមហេតុនាំឱ្យកើតមានសង្រ្គាម។ ជាថ្នូរមកវិញ កូរ៉េខាងជើងទំនងជានឹងទទួលបានជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាអាវុធពីរុស្ស៉ី ហើយកាន់តែសំខាន់ ទីក្រុងមូស្គូអាចនឹងប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាខែលការពារកូរ៉េខាងជើងពី ការថ្កោលទោសជុំវិញការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ឬអាវុធនុយក្លេអ៊ែរ។ ដូច្នេះតើកូរ៉េខាងជើងយល់ឃើញបែបណា ដែរចំពោះសង្រ្គាមអ៊ុយក្រែន?

* មេរៀនសម្រាប់កូរ៉េខាងជើង
ទោះបីជាអ៊ុយក្រែន និងកូរ៉េខាងជើង មានសាវតារប្រវតិ្តសាស្ត្រ និងនយោបាយខុសគ្នាស្រឡះក៏ដោយ តែក៏មានចំណុចខ្លះប្រហាក់ប្រហែលគ្នាដែរ។ នៅពេលពិនិត្យមើលលើ សេណារីយ៉ូផ្សេងៗគ្នា សង្រ្គាមអ៊ុយក្រែនបានផ្ដល់មេរៀនជាច្រើនសម្រាប់កូរ៉េខាងជើង។ ជំងឺភ័យខ្លាចរបស់កូរ៉េខាងជើងចំពោះការគំរាមកំហែងយោធាពីសត្រូវសក្តានុពល ប្រហែលជាកាន់តែមានសភាពធ្ងន់ធ្ងរឡើង ក្រោយបានឃើញអ៊ុយក្រែនជាប្រទេសមួយគ្មានអាវុធនុយក្លេអ៊ែរត្រូវបានឈ្លានពានដោយរុស្ស៉ីដែលជាមហាអំណាចនុយក្លេអ៊ែរ។ មនុស្សជាច្រើនអះអាងថារុស្ស៉ីនឹងមិនឈ្លានពានអ៊ុយក្រែនឡើយ ប្រសិនបើទីក្រុងកៀវមានអាវុធនុយក្លេអ៊ែរ ឬក៏បានក្លាយជាសមាជិកមួយរបស់ NATO ដោយជោគជ័យ។

អ៊ុយក្រែនធ្លាប់បានរំពឹងថានឹងទទួលបានការគំាទ្រយោធាយ៉ាងពេញទំហឹង ដូចជាការបញ្ជូនកងទ័ពអាមេរិក ឬ NATO តែបណ្ដាប្រទេសលោកខាងលិចបានផ្តោតតែលើ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ជូនអាវុធឱ្យអ៊ុយក្រែនប៉ុណ្ណោះ។ ការប្រកាន់ជំហរបែបនេះមានគោលដៅបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីដែលអាចនឹងនាំទៅរក សង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរ។ ដូចគ្នាដែរ នៅពេលសម្លឹងឃើញការស្ទាក់ស្ទើររបស់ចិនក្នុងការផ្ដល់ការគាំទ្រយ៉ាងសកម្មខាងនយោបាយ និងយោធាដល់រុស្ស៉ី អំឡុងសង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើងប្រហែលជាភ្ញាក់ដឹងថាខ្លួនមិនអាចពឹងផ្អែកលើការគាំទ្រយោធាពីទីក្រុងប៉េកាំងនោះទេ ក្នុងករណីទីក្រុងព្យុងយ៉ាង រងការវាយប្រហារ ណាមួយពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីក្រុងប៉េកាំងបានជ្រើសរើសយកការបដិសេធបញ្ជូនជំនួយយោធាដោយផ្ទាល់ទៅឱ្យរុស្ស៉ី ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិច បើទោះទីក្រុងប៉េកាំងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូក៏ដោយ។

ម្លោះហើយ ទីក្រុងព្យុងយ៉ាងភ័យបារម្ភថាទីក្រុងប៉េកាំងក៏អាចនឹងស្ទាក់ស្ទើរផងដែរ នៅក្នុងករណីសង្រ្គាមនៅលើឧបទ្វីបកូរ៉េផ្ទុះឡើង បើទោះជាសន្ធិសញ្ញាមិត្តភាពចិន និងកូរ៉េខាងជើង ឆ្នាំ១៩៦១ ដែលមានចែងពីការការពារគ្នាទៅវិញទៅមកត្រូវបានបន្តសុពលភាពកាលពីឆ្នាំ២០២១ក៏ដោយ។ កូរ៉េខាងជើងទំនងជាមិនទុកចិត្តទាំងស្រុងលើ ការប្ដេជ្ញាចិត្តរបស់ចិនឡើយ ពីព្រោះសន្ធិសញ្ញានេះអាចនឹងត្រូវផុតរលត់នៅថ្ងៃណាមួយក៏ថាបាន។ លើសពីនេះទៅទៀត វាមិនច្បាស់នោះទេថាតើចិននឹងបញ្ចេញប្រតិកម្មបែបនេះ បើកូរ៉េខាងជើងជាអ្នកបង្កសង្រ្គាមមុន ដូចដែលទីក្រុងមូស្គូឈ្លានពានអ៊ុយក្រែន។ ដូច្នេះ សង្រ្គាមនៅអ៊ុយក្រែនទំនងជាបានពង្រឹងការយល់ឃើញរបស់កូរ៉េខាងជើងថាខ្លួនចាំបាច់ ត្រូវតែពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំង ដើម្បីការពារប្រទេសជាតិពីស្ថានការណ៍អាសន្នណាមួយ ដោយមិនអាចបន្តទុកចិត្តទាំងស្រុងលើចិនទៀតឡើយ។ ការពឹងផ្អែករបស់ទីក្រុងព្យុងយ៉ាងលើការគាំទ្រសេដ្ឋកិច្ច និងនយោបាយពីចិន បានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយកិច្ចប្រជុំកំពូលនៅហាណូយ កាលពីឆ្នាំ២០១៩ រវាងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានទទួលបរាជ័យ។ ម្យ៉ាង ដោយសារមានលទ្ធភាពតិចតួចថាកិច្ចប្រជុំកំពូលនេះអាចនឹងកើតឡើង នៅពេលអនាគត ទីក្រុងព្យុងយ៉ាងអាចសម្លឹងឃើញថាការពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ីជាមធ្យោបាយមួយ ក្នុងការកាត់បន្ថយឥទ្ធិពលលើសលុបរបស់ចិន ក្នុងកិច្ចការផ្ទៃ ក្នុងរបស់ខ្លួន។

ណាមួយកូរ៉េខាងជើង ក៏ប្រហែលជាបារម្ភដែរអំពីការផ្លាស់ប្ដូរអនាគតទំនាក់ទំនងជាមួយចិន ដែលអាចនឹងជះឥទ្ធិពលលើទិសដៅគោលនយោបាយការបរទេសរបស់ទីក្រុង ព្យុងយ៉ាង។ ជាឧទាហរណ៍៖ ទោះជាទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង មានភាពល្អប្រសើរក៏ពិតមែន ក៏យុទ្ធសាស្ត្រជាអាទិភាព និងផលប្រយោជន៍របស់ប្រទេសទាំង២ អាចនឹងដើរផ្លូវខុសគ្នានៅពេលអនាគត។ ដ្បិត ក្រោមទស្សនវិស័យរបស់កូរ៉េខាងជើង ចិនអាចនឹងសម្រេចចិត្តសហការជាមួយសហរដ្ឋអាមេរិកបានគ្រប់ពេលវេលា លើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើទីក្រុងប៉េកាំងចង់ប្រើប្រាស់បញ្ហានេះដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន ឱ្យបន្ធូរដៃលើបញ្ហាជាអាទិភាពណាមួយរបស់ចិន ដូចជាតៃវ៉ាន់ ជាដើម។ បើស្ថានការណ៍បែបនេះកើតឡើងមែន នោះវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់កូរ៉េខាងជើង ហើយព្យុងយ៉ាងក៏មិនអាចពឹងផ្អែកលើចិនក្នុងនាមជាសម្ព័ន្ធមិត្ត បានទៀត នោះដែរ។ ជាការពិតណាស់ ចិនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពី ការធ្វើតេស្ដក្នុងឆ្នាំ២០១៣ ២០១៦ និង២០១៧។ ការព្រួយបារម្ភដូចបានរៀបរាប់នេះ ប្រហែលជាបានជំរុញឱ្យកូរ៉េខាងជើងចាប់យកឱកាសអំឡុងសង្រ្គាមអ៊ុយក្រែន ក្នុងការពង្រឹងសមត្ថភាពយោធា និងអាវុធនុយក្លេអ៊ែរ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី និងកាត់បន្ថយការពឹងផ្អែកខ្លាំងពេករបស់ខ្លួនលើចិន ទោះជាព្យុងយ៉ាងនៅតែ ត្រូវការចិនក៏ពិតមែន។ ប៉ុន្តែ យុទ្ធសាស្ត្រនេះអាចនឹងមានរយៈពេលខ្លី ពោលគឺវាក៏អាស្រ័យផងដែរថាតើសង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់ទៅដោយរបៀបណា? នោះគឺប្រសិនបើ លោក ពូទីនបាត់បង់អំណាចដោយប្រការណាមួយ ឬក៏រុស្ស៉ីចាញ់សង្រ្គាម នោះកូរ៉េខាងជើងនឹងត្រូវត្រឡប់ទៅពង្រឹងទំនាក់ទំនងជាមួយចិនវិញ ឬក៏ប្រទេសជាដៃគូណាមួយ ផ្សេងទៀតដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន។

ចុងក្រោយគេ និងសំខាន់បំផុត គឺកូរ៉េខាងជើងប្រហែលជាទទួលស្គាល់ថាមិនត្រឹមតែមានអាវុធនុយក្លេអ៊ែរខ្លាំងក្លាប៉ុណ្ណោះទេ តែក៏ត្រូវការផងដែរនូវសមត្ថភាពយោធា និងអាវុធ ទូទៅ រួមទាំងស្មារតីប្រយុទ្ធដ៏មោះមុត។ ក្នុងសង្រ្គាមអ៊ុយក្រែន ទោះជារុស្ស៉ីជាមហាអំណាចនុយក្លេអ៊ែរពិតមែន តែកងទ័ពរុស្ស៉ីសម្រេចបានជោគជ័យយឺតយ៉ាវជាងការរំពឹងទុក របស់លោក ពូទីន ដោយសារតែការតស៊ូប្ដូរផ្ដាច់ការពារជាតិ និងទឹកដី ក្រោមជំនួយពីលោកខាងលិច៕