(សៀងហៃ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិនគ្រប់គ្រងការខ្វែងគំនិតគ្នា រវាងប្រទេសទាំង២ ប្រកបដោយការទទួលខុសត្រូវ ខណៈរូបលោកផ្ដើមបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិន ប្រចាំទីក្រុងសៀងហៃ លោក Antony Blinken បាននិយាយថាលោកប្រធានាធិបតី ចូ បៃដិន មានការប្ដេជ្ញាចិត្តចំពោះ កិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយចីរភាពរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ក្រោយតានតឹងនឹងគ្នាជាច្រើនឆ្នាំមកនេះ។ «យើងមានកាតព្វកិច្ចមួយចំពោះប្រជាជនរបស់ ពួកយើង និងកាតព្វកិច្ចមួយចំពោះពិភពលោក ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសយើងទាំង២ប្រកបដោយការទទួលខុសត្រូវ»។ នេះជាការគូសបញ្ជាក់របស់លោក Blinken ប្រាប់លេខាបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ លោក Chen Jining ដែលបានប្រាប់ប្រមុខការទូតអាមេរិកវិញដែរថាមិនថាសហរដ្ឋអាមេរិក និងចិន ជ្រើសរើសយក ការប្រឈមមុខដាក់គ្នា ឬក៏កិច្ចសហប្រតិបត្តិការនោះទេ គឺសុទ្ធតែអាចជះឥទ្ធិពលដល់សុខមាលភាពនៃប្រជាជនប្រទេសទាំង២ ប្រទេសទាំង២ និងអនាគតមនុស្សជាតិ។

គួរបញ្ជាក់ថា លោក Antony Blinken នឹងចាកចេញពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ខណៈមានការរំពឹងថាលោកក៏អាចនឹងមានជំនួបជាមួយប្រធានាធិបតី ស៊ី ជីនពីងផងដែរ។ ចិនមិនបានប្រកាសឱ្យដឹងថាតើអាចនឹងមាន ជំនួបរវាងលោក Blinken និងលោក ស៊ី ជីនពីង ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែមិថុនា ឆ្នាំ២០២៣ ជំនួបរវាងលោក Blinken និងមេដឹកនាំចិនត្រូវបានប្រកាសនៅនាទីចុងក្រោយ។

លោក Antony Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេបំផុត ដែលបានធ្វើទស្សនកិច្ចក្នុងទីក្រុងសៀងហៃ ក្នុងរយៈពេល១៤ឆ្នាំមកនេះ៕