(វ៉ាស៊ីនតោន)៖ សង្រ្គាមបង្ហូរឈាមគ្នានៅអ៊ុយក្រែននៅតែបន្ត រីឯមជ្ឈិមបូព៌ាកំពុងចលាចល ប៉ុន្តែតំបន់ប៉ាស៊ីហ្វិកភាគខាងលិចហាក់មានភាពស្ងប់ស្ងាត់។ មិនមានវិបត្តិទ្រង់ទ្រាយធំ ណាមួយកើតឡើងរវាងសហរដ្ឋអាមេរិក និងចិននោះទេ ចាប់តាំងពីវិបត្តិបាឡុងកាលពីឆ្នាំ២០២៣មក។ ក្រុមមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថាភាពស្ងប់ស្ងាត់នេះអាចនឹងបន្ត រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ហើយជាផ្នែកមួយនៃកិច្ចប្រឹងប្រែងការទូត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅក្នុងប្រទេសចិន នាសប្ដាហ៍នេះ។ នៅចិន លោក Blinken នឹងត្រូវប្រឈមមុខនឹងបញ្ហាសំខាន់ ៤ដែលសុទ្ធសឹងតែអាចធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិន ស្គាល់ភាពតានតឹង ឡើងវិញគ្រប់ពេលវេលា។

ភាពធូរស្រាលរវាងសហរដ្ឋអាមេរិក និងចិន បានកើតឡើងបន្ទាប់ពីលោក ចូ បៃដិន និងលោក ស៊ី ជីនពីង អង្គុយជជែកទល់មុខគ្នានៅឯជំនួបមួយក្នុងទីក្រុង San Francisco ខែវិច្ឆិកា ឆ្នាំមុន ហើយកាន់តែធូរស្រាលថែមទៀត ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទកាលពីដើមខែមេសានេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិនមានភាព ទន់ភ្លន់ដូចជាសម្ដីចេញពីមាត់មេដឹកនាំនៃប្រទេសមហាអំណាចទាំង២ ពេលជួបមុខគ្នានោះទេ។ ទីក្រុងវ៉ាស៊ីនតោននៅតែបន្តពង្រឹងសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្ត ក្នុងតំបន់អាស៊ី តួយ៉ាង ការពង្រឹងទំនាក់ទំនងសន្តិសុខកាលពីពេលថ្មីៗនេះជាមួយហ្វីលីពីន និងជប៉ុន។ ជាងនេះទៅទៀត រដ្ឋបាលលោក បៃដិនក៏បានប្រកាសផងដែរពីការដាក់ចេញការរឹតត្បិតលើការវិនិយោគ របស់សហរដ្ឋអាមេរិកក្នុងវិស័យបច្ចេកវិទ្យាចិន ហើយឥលូវថែមទាំងដាក់ចេញវិធានការបិទបណ្ដាញទំនាក់ទំនងសង្គម TikTok នៅក្នុងសហរដ្ឋអាមេរិក ទៅទៀត។

តាមក្រុមអ្នកវិភាគ​ ដោយសារតែជម្លោះ និងអំពើហិង្សាកំពុងកើតឡើងនៅជុំវិញពិភពលោក រដ្ឋបាលលោក បៃដិនប្រហែលជាសង្ឃឹមថាអាចនឹងឆ្លងផុតឆ្នាំ២០២៤ ដោយមិនមានវិបត្តិ រវាងចិន និងអាមេរិកកើតឡើងនោះឡើយ។ ក៏ប៉ុន្តែ មានបញ្ហាធំៗជាច្រើនកំពុងពាំងផ្លូវនៃក្ដីសង្ឃឹមនេះ ហើយបញ្ហាធំជាងគេ គឺតៃវ៉ាន់ជាទីដែលលោក Lai Ching-te បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីខែមករាដើមឆ្នាំកន្លងទៅ ហើយនឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់នៅខែឧសភាក្រោយនេះ។ ទីក្រុងប៉េកាំង មិនចូលចិត្តលោក Lai ទេ ដ្បិតបារម្ភខ្លាចថារូបលោកអាចនឹងដឹកនាំតៃវ៉ាន់ឆ្ពោះកាន់តែកៀកទៅរកឯករាជ្យ។ ចំណែក ទីក្រុងវ៉ាស៊ីនតោនវិញ បារម្ភថាចិននឹងដាក់ទណ្ឌកម្មលើតៃវ៉ាន់ សម្រាប់ការបោះឆ្នោតជ្រើសរើស លោក Lai តាមរយៈការសម្លុតគំរាមខាងសេដ្ឋកិច្ច និងយោធា។

បញ្ហាទី២ គឺសមុទ្រចិនខាងត្បូង។ កាលពីជាង ២៥ឆ្នាំមុន ហ្វីលីពីនមានចេតនាទុកចោលខ្មោចនាវាចម្បាំងមួយគ្រឿងឈ្មោះ Sierra Madre នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាតំបន់វិវាទដែនទឹកជាមួយចិន នៅសមុទ្រចិនខាងត្បូង ដើម្បីជាការអះអាងពីអធិបតេយ្យរបស់ខ្លួន។ បច្ចុប្បន្ន កងកម្លាំងហ្វីលីពីនមួយក្រុមតូចកំពុងឈរជើងលើខ្មោចកប៉ាល់នេះ តែចិនកំពុងព្យាយាមរិះរកវិធីយកខ្មោចនាវាចម្បាំងនេះចេញ។ ឆ្មាំសមុទ្រចិនបានប៉ះទង្គិចគ្នាជារឿយៗជាមួយឆ្មាំសមុទ្រហ្វីលីពីន អំឡុងបេសកកម្មរបស់ទីក្រុងម៉ានីល ក្នុងការផ្គត់ផ្គង់ ចំណីអាហារ និងសម្ភារៈចាំបាច់ដល់ទាហានឈរជើងនៅលើខ្មោចនាវាចម្បាំង Sierra Madre។ ការប៉ះទង្គិចគ្នាសព្វថ្ងៃមានត្រឹមការប្រើកាណុងបាញ់ទឹក និងបាញ់ឡាស៊ែរប៉ុណ្ណោះ។ តែ ប្រសិនបើទីក្រុងប៉េកាំងព្យាយាមយកខ្មោចនាវាចម្បាំងនេះចេញទាំងកម្រោល ឬពន្លិច ឬក៏ធ្វើឱ្យទាហានហ្វីលីពីនណាម្នាក់ស្លាប់ នោះវាអាចនឹងនាំទៅរកការប្រើសន្ធិសញ្ញាការពារជាតិរួមគ្នា រវាងសហរដ្ឋអាមេរិក និងហ្វីលីពីនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដែលអាចនឹងបង្កឱ្យជម្លោះរវាងអាមេរិក និងចិនផ្ទុះឡើង។

បញ្ហាទី៣គឺសង្រ្គាមបច្ចេកវិទ្យា។ សហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើយ៉ាងណាឱ្យសង្រ្គាមបច្ចេកវិទ្យាស្ថិតក្រោមការគ្រប់គ្រង ឬអាចព្យាករបាន ដោយព្រមានចិនពីការរឹតត្បិតដែលទីក្រុង វ៉ាស៊ីនតោនចង់អនុវត្ត។ ការហាមឃាត់ទាំងនោះបានគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើននៃសេដ្ឋកិច្ចសម័យទំនើប ដូចជាបញ្ញាសប្បនិម្មិត​ ឬ AI និងថាមពលស្អាតជាដើម។ ក្រុមមន្ត្រីចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថាបាន និងកំពុងគាបសង្កត់ធ្វើបាបចិន ក្នុងពេលចិនកាន់តែដើរទៅមុខក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងលើកកម្ពស់ឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ ចិន។

បញ្ហាចុងក្រោយគេ នោះគឺអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនបានព្រមានម្ដងហើយម្ដងទៀតកុំឱ្យចិនលក់អាវុធឱ្យរុស្ស៉ី។ រដ្ឋបាលលោក បៃដិន មិនទាន់អាចកំណត់បានថាតើការជួយដល់រុស្ស៉ី មានប្រសិទ្ធភាពកម្រិតណាទេ។ កូរ៉េខាងជើង និងរុស្ស៉ីត្រូវបានរាយការណ៍ថាបានលក់មីស៊ីល ដ្រូន និងគ្រាប់កាំភ្លើងធំច្រើនដែលទាហានរុស្ស៉ីកំពុងត្រូវការជាចាំបាច់នៅលើសមរភូមិ ស្របពេលចិនត្រូវបានសង្ស័យថាបានលក់គ្រឿងម៉ាស៊ីន ឈីបកុំព្យូទ័រ និងបរិក្ខារដទៃទៀតដែលឧស្សាហកម្មយោធារុស្ស៉ីកំពុងស្វែងរក។ ការកើនឡើងនៃការផលិតសព្វាវុធនៃឧស្សាហកម្ម យោធារុស្ស៉ីបានបង្កជាការងឿនឆ្ងល់ដល់ក្រុមមន្ត្រីអាមេរិក។ ដូច្នេះហើយលោក Blinken មុខជានឹងជំរុញចិនបន្ថែម ឬអាចគំរាមពីការដាក់ទណ្ឌកម្មលើធនាគារចិន សំដៅបង្ខំឱ្យប៉េកាំង ដកខ្លួនចេញពីការលូកដៃជួយរុស្ស៉ី។

គួរបញ្ជាក់ថា ក្រុមអ្នកមានសុទុដ្ឋិនិយមនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថាចិននឹងមិនលះបង់ផលប្រយោជន៍យុទ្ធសាស្ត្រខ្លាំងជ្រុល ដើម្បីតែសង្រ្គាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះឡើយ។ ប៉ុន្តែ ក្នុងចំណោមបញ្ហាទាំង៤នេះ បញ្ហាមួយណាក៏អាចធ្វើឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក និងចិនតានតឹងដែរ ពីព្រោះទំនាក់ទំនងរវាងមហាអំណាចទាំង២ គឺផ្អែកលើធម្មជាតិ នៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នា៕