(កៀវ)៖ ប៉ូលិសប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន បានកត់ត្រាឈ្មោះរដ្ឋមន្ត្រីកសិកម្ម លោក Mykola Solsky ជាជនសង្ស័យនៅក្នុងការស៉ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញករណីទិញយកដីរដ្ឋតម្លៃ ៧លានដុល្លារដោយខុសច្បាប់ ខណៈលោក Solsky បានបដិសេធនូវការចោទប្រកាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០២៤។

លោក Solsky ដែលទទួលបន្ទុកលើឧស្សាហកម្មគ្រាប់ធញ្ញជាតិ ក្នុងសម័យសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីខែមីនា ឆ្នាំ ២០២២មក បាននិយាយថា លោកមិនយល់ទេ ថាតើហេតុអ្វីបានជា ការចោទប្រកាន់ទាក់ទងនឹងព្រឹត្តិការណ៍ឆ្នាំ ២០១៧-២០១៨ បែរជាត្រូវប្រឈមនៅពេលនេះទៅវិញ។ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រឆាំងអំពើពុករលួយជាតិ ដែលរៀបរាប់លម្អិតអំពី ការរកឃើញនៅក្នុងការស៉ើបអង្កេតមួយ លោក Solsky បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំមិនយល់ស្របនឹងការចោទប្រកាន់នេះឡើយ»

គួរបញ្ជាក់ថា បើតាមការិយាល័យប្រឆាំងអំពើពុករលួយ រដ្ឋមន្រ្តីកសិកម្មបច្ចុប្បន្នរបស់អ៊ុយក្រែន លោក Solsky បានដឹកនាំគម្រោងមួយ ក្នុងគោលបំណងទទួលបានដីរដ្ឋដែលមានតម្លៃ ៧លានដុល្លារ និងព្យាយាមកាន់កាប់ដីដែលមានតម្លៃជិត ៥លានដុល្លារ។ របាយការណ៍ មិនបានបញ្ចេញឈ្មោះ លោក Solsky ទេប៉ុន្តែបានដាក់ការសង្ស័យលើ អតីតប្រធានាគណៈកម្មាធិការកសិកម្មនៃសភា ដែលជាមុខតំណែងរបស់ លោក Solsky មុនក្លាយជារដ្ឋមន្រ្តីកសិកម្មក្នុងខែមីនា ឆ្នាំ ២០២១៕