(កៀវ)៖ ការវាយប្រហារតាមផ្លូវអាកាសមួយរបស់រុស្ស៊ី បានកាត់ផ្តាច់ប៉មទូរទស្សន៍ខេត្ត Kharkiv ដាច់ ជា២ក្នុងពេលដែលអ៊ុយក្រែន កំពុងទន្ទឹងរង់ចាំជំនួយ ប្រព័ន្ធការពារដែនអាកាសពីសហរដ្ឋអាមេរិក។ អ៊ុយក្រែនបានជំរុញឱ្យសហរដ្ឋអាមេរិក ប្រញាប់ផ្តល់សច្ចាប័នចុងក្រោយ ដើម្បីអ៊ុយក្រែនអាចទទួលបានជំនួយជាបណ្តើរ ពីរដ្ឋបាលអាមេរិកលោកចូបៃដិន។ តើអ៊ុយក្រែនរំពឹង ទទួលបានអាវុធទំនើបអ្វីខ្លះ ដើម្បីការកែស្ថានការណ៍សឹករបស់ខ្លួននៅលើសមរភូមិ?

ការវាយប្រហារតាមផ្លូវអាកាសមួយរបស់រុស្ស៊ី បានកាត់ផ្តាច់ប៉មទូរទស្សន៍ខេត្ត Kharkiv ដាច់ ជា២ក្នុងពេលដែលអ៊ុយក្រែន កំពុងទន្ទឹងរង់ចាំ ជំនួយប្រព័ន្ធការពារដែនអាកាស ពីសហរដ្ឋអាមេរិក។ អ៊ុយក្រែនបានជំរុញឱ្យសហរដ្ឋអាមេរិក ប្រញាប់ផ្តល់សច្ចាប័នចុងក្រោយដើម្បីអ៊ុយក្រែន អាចទទួលបានជំនួយជាបណ្តើរ ពីរដ្ឋបាលអាមេរិកលោកចូបៃដិន។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងថាការវាយប្រហារគ្រាប់មីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃចន្ទបានបំបែកប៉មទូរទស្សន៍កម្ពស់ 240 ម៉ែត្រនៅក្នុងទីក្រុង Kharkiv ដែលជាផ្នែកមួយនៃបំណងរបស់រុស្ស៊ី ដើម្បីឱ្យក្រុង Kharkiv ក្លាយជាក្រុង ដែលគ្មានមនុស្សរស់នៅ។ ក្រុង Kharkiv ភាគឦសានដែលមានប្រជាជន១លាន៣សែននាក់ ជាក្រុងមួយស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីស្ដារ ឡើងវិញនូវសញ្ញាទូរទស្សន៍ ដោយបានស្នើឱ្យអ្នករស់នៅ ក្នុងទីក្រុងខាគីវ ដែលចាប់សញ្ញាទូរទស្សន៍ឌីជីថល មិនទាន់បាននៅទីនោះ សូមប្រើទូរទស្សន៍ខ្សែកាប ឬទូរទស្សន៍អនឡាញឬ ស្តាប់វិទ្យុវិញ។

ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនេះ បានទន្ទឹមនឹងអ្វីដែលអ៊ុយក្រែនកំពុងទន្ទឹងរង់ចាំ ជំនួយយោធាពីសហរដ្ឋអាមេរិក បន្ទាប់ពីកញ្ចប់ជំនួយយោធាតម្លៃ៦១ពាន់លាននោះ កំពុងស្ថិតក្នុងដំណើរឈានទៅ ការផ្តល់សច្ចាប័នជាចុងក្រោយ។ លោកហ្សេឡិនស្គី ខណៈក្នុងពេលទន្ទឹងរង់ចាំនេះ បានសង្ឃឹមនឹងការមកដល់អាវុធទំនើបៗជាច្រើន ពីសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធលើសមរភូមិ ប្រមាណ៦ខែកន្លងមកនេះ ភូមិមួយចំនួននិងទីក្រុងគន្លឹះ Adiivka បានធ្លាក់ចូលក្នុងកណ្តាប់ដៃរុស្ស៊ីដោយសារតែ ការខ្វះគ្រាប់រំសេវនិងអាវុធទំនើប ដើម្បីការពារទឹកដីរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានបញ្ជាក់ប្រាប់លោកហ្សេឡិនស្គីវិញថា រដ្ឋបាលរបស់ លោកJoe Biden នឹងផ្តល់កញ្ចប់ជំនួយសន្តិសុខយោធាថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាបន្ទាន់ របស់អ៊ុយក្រែននៅលើសមរភូមិបន្ទាប់ ស្ថាប័នព្រឹទ្ធសភានឹងអនុម័តជាបន្ថែមលើ លើកញ្ចប់ជំនួយសន្តិសុខជាតិ ហើយបន្ទាប់មកគឺប្រធានាធិបតីអាមេរិក នឹងត្រូវចុះហត្ថលេខាផ្តល់សច្ចាប័នជាចុងក្រោយភ្លាម ដែលជំនួយយោធានឹងត្រូវដឹកទៅកាន់ អ៊ុយក្រែនជាមិនខានឡើយ។

តើអាវុធអ្វីខ្លះដែលអ៊ុយក្រែនអាចនឹងទទួលបាន? ហើយតើអាវុធទាំងនោះអាចមានប្រសិទ្ធភាពទប់ទល់នឹងអាវុធទំនើប របស់រុស្ស៊ីបានដែរឬទេ? ប្រព័ន្ធអាវុធការពារដែនអាកាស, មីស៊ីលបាញ់រយៈចម្ងាយមធ្យមនិងរយៈចម្ងាយឆ្ងាយ និង គ្រាប់កាំភ្លើងធំ គឺជាអាវុធដ៏ចាំបាច់ខ្លាំងបំផុត ដែលអ៊ុយក្រែនកំពុងត្រូវការនាពេលនេះ។ អាវុធត្រូវការចាំបាច់ ទាំង៣ប្រភេទនេះ គឺជាអ្វីដែលសហរដ្ឋអាមេរិក នឹងត្រូវបញ្ជួនមកឱ្យអ៊ុយក្រែន បន្ទាប់ពីច្បាប់ហិរញ្ញវត្ថុដល់ជំនួយដល់អ៊ុយក្រែន នឹងត្រូវបានប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចុះហត្ថលេខារួចលើច្បាប់នោះក្នុងសប្តាហ៍នេះ។

***ប្រព័ន្ធអាវុធការពារអាកាស

សេចក្តីត្រូវការនូវប្រព័ន្ធអាវុធការពារដែនអាកាស គឺជាសេចក្តីត្រូវការមួយដែលរដ្ឋាភិបាល លោកហ្សេឡិនស្គី បានអំពាវនាវម្តងហើយម្តងទៀត ដល់ក្រុមបស្ចឹមប្រទេស ដើម្បីស្វែងរកជំនួយយោធា ដើម្បីទប់ទល់នឹងការវាយប្រហារ តាមផ្លូវអាកាសរបស់រុស្ស៊ី ជាពិសេសការការពារហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនី ខណៈការវាយប្រហារ តាមផ្លូវអាកាសរបស់រុស្ស៊ីបាន ធ្វើឱ្យពលរដ្ឋជាច្រើនរងការដាច់ភ្លើង ក្នុងអាកាសធាតុត្រជាក់។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងថាក្នុងរយៈពេលតែមួយឆ្នាំ ប្រទេសអ៊ុយក្រែនបានរងនឹង ការវាយប្រហារដោយមីស៊ីលរុស្ស៊ី ចំនួនជិត១ពាន់២០០គ្រាប់, ការវាយប្រហារដោយដ្រូនចំនួនជាង១ពាន់៥០០ដ្រូន និងតាមរយៈគ្រាប់បែកទម្លាក់ ចុចបញ្ជា Guided Bombs ចំនួន៨ពាន់៥០០គ្រាប់។

អ៊ុយក្រែនបានទទួលការផ្តល់អាវុធជាជំនួយ របស់សហរដ្ឋអាមេរិកសម្រាប់បាញ់ទប់ទល់នឹង ការវាយលុកតាមផ្លូវអាកាស តាំងពីអាវុធមីស៊ីល Stinger ស្ពាយបាញ់លើស្មា រយៈចម្ងាយខ្លី រហូតដល់ទទួលបានប្រព័ន្ធអាវុធការពារដែនអាកាសទំនើប គឺអាវុធ Patriot ដែលមានតម្លៃថ្លៃ ។ លោកហ្សេឡិនស្គី បានថ្លែងថាអ៊ុយក្រែនត្រូវការ ប្រព័ន្ធអាវុធការពារដែនអាកាស Patriot នេះយ៉ាងហោចចំនួន៧ដើមថែមមកទៀតឬអាវុធ ដែលប្រហាក់ប្រហែលនេះដើម្បីទប់ទល់នឹង ការវាយប្រហារដែនអាកាសពីរុស្ស៊ី។

ប៊ីប៊ីស៊ីបានរាយការណ៍ថាមីស៊ីលបាលីស្ទីកនិងមីស៊ីលគ្រូសរបស់រុស្ស៊ី ដែលរួមមានទាំងមីស៊ីល កែច្នៃពីប្រព័ន្ធអាវុធ S-300 និងS-400 បំប្លែងទៅជាមីស៊ីលបាញ់តាមអាកាស រួមជាមួយនឹងដ្រូន Shahed-136 ផលិតដោយអ៊ីរ៉ង់ ក៏អាវុធអាមេរិកទាំងនេះមានការលំបាក ក្នុងការទប់ស្កាត់ផង ដែរដោយសារការបាញ់មានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នោះ។

កលល្បិចយុទ្ធសាស្ត្រជំនាន់មុនគឺដើម្បីយកឈ្នះ លើប្រព័ន្ធការពារដែនអាកាស គឺវាយលុកដោយប្រើគ្រាប់ឱ្យច្រើនសន្ធឹក ដាក់ទៅលើគោលដៅ ដែលប្រការនោះ នឹងអាចគ្រប់គ្រងលើ ប្រព័ន្ធរ៉ាដាតាមដានគ្រាប់វាយប្រហារ និងធ្វើឱ្យខូចដល់ ប្រព័ន្ធស្តុកគ្រាប់មីស៊ីលសម្រាប់ទប់ទល់វាយប្រហារនោះ ថែមទៀត។

****ប្រព័ន្ធមីស៊ីលបាញ់រយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយ

សង្រ្គាមវាយប្រហារគ្នានៅលើដី គឺជាសង្គ្រាមដ៏សំខាន់។ ចាប់តាំងពីខែតុលាឆ្នាំ២០២៣នោះ មក, អ៊ុយក្រែនបានបាត់បង់ទឹកដី ប្រមាណជិត៥៨៣ គីឡូម៉ែត្រក្រឡានៃទឹកដីភាគខាងកើតរបស់ខ្លួន ដែលភាគច្រើនគឺដោយសារតែ ការខ្វះកាំភ្លើងធំ Artillery។

ប្រព័ន្ធអាវុធ HIMARS High Mobility Artillery Rocket System គឺជាប្រព័ន្ធអាវុធមួយដែលដើរ តួនាទីសំខាន់ជួយ សម្រាប់អ៊ុយក្រែន ដោយជាអាវុធមួយ ចល័តបាញ់ដាក់ចំៗលើគោលដៅ សត្រូវយ៉ាងច្បាស់លាស់។ ប្រព័ន្ធអាវុធ HIMARS គឺជាអាវុធរ៉ុក្កែតបញ្ជាដោយប្រព័ន្ធ GPS, បាញ់លឿន, ច្បាស់លាស់ និងការច្រកគ្រាប់របស់វាមានសភាពលឿន ហើយប្រព័ន្ធអាវុធនេះ អាចដឹងនូវគោលដៅសត្រូវដែលបានបាញ់ប្រហារដាក់មកលើថែមទៀត។ ប្រព័ន្ធអាវុធ HIMARS នេះនឹងត្រូវរំពឹងការបញ្ជួន មកឱ្យអ៊ុយក្រែនជាបន្ថែមទៀត ជាមួយនឹងរថពាសដែក ជាច្រើននិងរថក្រោះBradley សម្រាប់វាយលុកតាមកម្លាំងថ្មើរជើងផងដែរ។

ក្រៅពីប្រព័ន្ធអាវុធ HIMARS, អាវុធបាញ់រយៈចម្ងាយឆ្ងាយ ATACMS Army Tactical Missile Systems ក៏រំពឹងថានឹងបញ្ជូនមកឱ្យអ៊ុយក្រែនផងដែរ។ សេចក្តីរាយការណ៍បង្ហាញថា ប្រព័ន្ធអាវុធប្រភេទចាស់ ATACMS ធ្លាប់ត្រូវបានបញ្ជួនមកឱ្យ អ៊ុយក្រែនរួចមកហើយកាលពីឆ្នាំមុន ប៉ុន្តែប្រភេទ ATACMS សេរីថ្មី ដែលគេអាចបាញ់នូវ កម្រិតលើសទ្វេដងដល់ចម្ងាយ ៣០០គីឡូម៉ែត្រ។ អាវុធប្រភេទនេះ អាចបាញ់ចូលដល់តំបន់ Crimea ដែលជាមូលដ្ឋានកងទ័ពនាវាជើងទឹករបស់រុស្ស៊ី។

ក្រៅពីប្រព័ន្ធអាវុធមីស៊ីលទាំងនេះ អាវុធដែលសហរដ្ឋអាមេរិករំពឹងថា នឹងដឹកជញ្ជួនមកឱ្យ អ៊ុយក្រែនដែរនោះគឺកាំភ្លើងផ្លោង M777 howitzers និងគ្រាប់កាំភ្លើងផ្លោង Artiellery 155 មីលីម៉ែត្រ។សហរដ្ឋអាមេរិកបានបញ្ជូនគ្រាប់ Artiellery 155 មីលីម៉ែត្រ ចំនួន២លានគ្រាប់ទៅឲ្យអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នឹងបន្តបញ្ជួនគ្រាប់ដដែលនេះ ជាច្រើនថែមទៀតដល់អ៊ុយក្រែន តាមរយៈកញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារនោះ។ មន្ត្រីនាំពាក្យ ក្រសួងការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ Pat Ryder បានប្រាប់អ្នកយក ព័ត៌មានកាលពីសប្តាហ៍មុនថា «ដូចអ្វីដែលសហរដ្ឋអាមេរិក ធ្លាប់បានធ្វើពីអតីតកាល យើងអាចបញ្ជួនគ្រាប់ទាំងនេះ ទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនថ្ងៃតែប៉ុណ្ណោះ»

****យន្តហោះចម្បាំង F-16

ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំដែលមានក្តីរំពឹងថាអ៊ុយក្រែន នឹងអាចមានយន្តហោះចម្បាំង F-16 ដើម្បីអាចប្រើប្រាស់ការពារដែនអាកាស របស់ខ្លួន។ ប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនរំពឹងថា ការធ្វើចម្បាំងក្នុងសង្គ្រាមអ៊ុយក្រែន នឹងអាចជួយកែស្ថាន ការណ៍ឱ្យអ៊ុយក្រែន នឹងអាចមានប្រៀបលើរុស្ស៊ី តាមរយៈជួយផ្គត់ផ្គង់យន្តហោះចម្បាំងទំនើប F16 ដល់រដ្ឋាភិបាលក្រុងគៀវ។

ក្រុមប្រទេសលោកខាងលិចបាននិយាយថាយន្តហោះ F16 អាចមានលទ្ធភាពវាយរុញច្រាន បណ្តេញយន្តហោះចម្បាំងរុស្ស៊ី ឱ្យចេញឆ្ងាយពីព្រំដែនអាកាសរបស់អ៊ុយក្រែនផង, អាចកំ ណត់គោលដៅវាយប្រហារដាក់ លើសត្រូវនិងមានប្រសិទ្ធភាព បាញ់ទម្លាក់គ្រាប់មីស៊ីលរបស់ រុស្ស៊ីបានថែមទៀត។ ប៉ុន្តែមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានថ្លែងព្រមាន កាលពីចុងខែមីនា ឆ្នាំ២០២៤ថានឹង បាញ់កម្ទេចយន្តហោះF-16 ដែលផ្តល់មកឱ្យអ៊ុយក្រែន បើទោះបីយន្តហោះនោះចតនៅក្រៅ ប្រទេសអ៊ុយក្រែនក៏ដោយ។ លោកពូទីនធ្លាប់បានថ្លែងថា «ពិតមែនហើយ ប្រសិនណាបើយន្ត ហោះF16 ដែលប្រើប្រាស់នោះ មកពីព្រលានយន្តហោះក្នុងប្រទេសទីបី, យន្តហោះនោះ នឹងក្លាយជាគោលដៅកម្ទេចរបស់យើងជាមិនខាន បើទោះបីជាយន្តហោះទាំង នោះអាច ស្ថិតនៅទីតាំងកន្លែងណាមួយក៏ដោយ»

លោកពូទីន បានថ្លែងព្រមានក្នុងពេលនោះទៀតថា រុស្ស៊ីមិនដែលមានគំនិតណាមួយ វាយប្រហារដាក់លើប្រទេស នៃសមាជិកអង្គការណាតូទេ។ ប៉ុន្តែលោកថា ប្រសិនបើប្រទេសលោក ខាងលិចផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនដើម្បីវាយប្រហារដល់រុស្ស៊ី យន្តហោះ F-16 ទាំងនោះ នឹងត្រូវបាញ់ទម្លាក់ដោយ កងកម្លាំងរុស្ស៊ីជាមិនខាន ឡើយទោះបីស្ថិតនៅទី តាំងណាក៏ដោយ។

ប្រទេសណ័រវ៉េ, ប្រទេសហូឡង់, ប្រទេសដាណាម៉ាក, ប្រទេសបែលហ្ស៊ីក គឺជាប្រទេស ដែលសន្យាផ្តល់យន្តហោះ F16 ទៅឱ្យអ៊ុយក្រែន ដែលអ៊ុយក្រែនបានរំពឹងមុននេះថានឹង ទទួលយ៉ាងហោចចំនួនច្រើនដល់៦០គ្រឿង៕