(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បាននិយាយថាសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន អាចនឹងដោះស្រាយបាន នៅចុងឆ្នាំ ២០២៥ ប្រសិនបើបុគ្គលប្រកាន់និន្នាការគាំទ្រសន្តិភាព មិនមែនសង្រ្គាម ទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា និងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ដោយលោកបានកត់សម្គាល់ថា វាគឺជារឿងចាំបាច់ ក្នុងការទប់ស្កាត់បុគ្គល ដែលមាននិន្នាការគាំទ្រឱ្យ បន្តមានអរិភាពនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០២៤។

លោក Orban បានបញ្ជាក់ថា «ប្រសិនបើអ្នកគាំទ្រសន្តិភាព ជាអ្នកឈ្នះការបោះឆ្នោតក្នុងសភាអឺរ៉ុប នោះការសម្រេចចិត្តផ្នែកយោធា របស់អឺរ៉ុបនឹងថមថយ បញ្ឈប់ ឬលុបចោលតែម្តង»។ ដោយសំដៅទៅលើ លោក ចូ បៃដិន និងលោក ដូ ណាល់ត្រាំ លោកនាយករដ្ឋមន្រ្តីហុងគ្រីរូបនេះ បានបន្ថែមថា «ចំណែកការបោះឆ្នោតមួយទៀត នៅឯសហរដ្ឋអាមេរិក គឺមានបេក្ខជនចូលចិត្តសង្រ្គាម រីឯម្នាក់ទៀតចូលចិត្តសន្តិភាព ប្រសិនបើបេក្ខជនគាំទ្រសន្តិភាពជាអ្នកឈ្នះ ហើយអ្វីៗដំណើរការទៅយ៉ាងល្អ នោះបណ្តាមេដឹកនាំនយោបាយ ដែលតស៊ូមតិដើម្បីសន្តិភាព នឹងអាចបោះជំហានឈានទៅមុខ ទាំងនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។ បន្ទាប់មកយើងអាចបញ្ចប់សង្រ្គាមនៅចុងឆ្នាំ ២០២៥»។

គួរបញ្ជាក់ថា ជារឿយៗ លោក Orban តែងតែរិះគន់ទៅលើជំនួយយោធាសម្រាប់ជួយអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នៅក្នុងសហភាពអឺរ៉ុប លោកក៏ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ហើយមានទំនាក់ទំនងនឹងគ្នាជាញឹកញាប់៕