(យូអិន)៖ របាយការណ៍ពិនិត្យលើអព្យាក្រឹតភាពរបស់ទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះបង្ហាញថា អ៉ីស្រាអែល មិនទាន់បង្ហាញភស្តុតាងណាមួយជុំវិញការចោទប្រកាន់របស់ខ្លួនថា បុគ្គលិករាប់រយនាក់នៃ UNRWA គឺជាសមាជិកក្រុមភេរវករនោះទេ ហើយជំរុញឱ្យប្រទេសជាម្ចាស់ជំនួយ គិតគូឡើងវិញអំពីការផ្អាកផ្ដល់មូលនិធិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

អង្គការសហប្រជាជាតិ (UN) បានតែងតាំងលោកស្រី Catherine Colonna អតីតរដ្ឋមន្រ្តីការបរទេសបារាំង ឱ្យដឹកនាំការពិនិត្យឡើងវិញរបស់ UNRWA ទៅលើសមត្ថភាព របស់ខ្លួនក្នុងការធានាអព្យាក្រឹតភាព និងឆ្លើយតបចំពោះការចោទប្រកាន់អំពីការបំពានការងារ នៅក្នុងខែកុម្ភៈ បន្ទាប់ពីអ៉ីស្រាអែលចោទថាបុគ្គលិក UNRWA ចំនួន ១២នាក់ មានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស លើប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី៧ តុលា ឆ្នាំមុន។

ការស៉ើបអង្កេតដាច់ដោយឡែកមួយ ពីសំណាក់អ្នកសង្កេតការផ្ទៃក្នុងរបស់ UN កំពុងពិនិត្យមើលការចោទប្រកាន់របស់អ៉ីស្រាអែល ប្រឆាំងនឹងបុគ្គលិក UNRWA ចំនួន ១២នោះ។ កាលពីសប្តាហ៍មុន ការិយាល័យសេវាកម្មត្រួតពិនិត្យផ្ទៃក្នុងរបស់ UN បានកោះប្រជុំ និងមានកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយអាជ្ញាធរអ៉ីស្រាអែលជុំវិញ បញ្ហានេះ។

តាមការពិនិត្យឡើងវិញ ចាប់តាំងពីឆ្នាំ២០១១មក អ៉ីស្រាអែល មិនធ្លាប់លើកឡើងពីការព្រួយបារម្ភណាមួយប្រាប់ UNRWA ឡើយ អំពីបុគ្គលិកដែលមានក្នុងបញ្ជីខ្មៅ។ បន្ទាប់មក រហូតដល់ខែមីនា ឆ្នាំ២០២៤ អ៉ីស្រាអែល បានអះអាងជាសាធារណៈថា បុគ្គលិក UNRWA មួយចំនួនធំគឺជាសមាជិកនៃអង្គការភេរវករ។ ប៉ុន្តែ អ៉ីស្រាអែល មិនបានបង្ហាញនូវភស្តុតាដើម្បីគាំទ្រការចោទប្រកាន់នេះឡើយ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានចោទប្រកាន់បុគ្គលិក UNRWA ជាង ២,១៣៥នាក់ថា ជាសមាជិកនៃក្រុមហាម៉ាស ឬក្រុមជីហាត ហើយថាការពិនិត្យឡើងវិញរបស់លោកស្រី Colonna លើកិច្ចការរបស់ UNRWA មានលក្ខណៈមិនគ្រប់គ្រាន់ និងជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសបញ្ហា មិនចង់ឱ្យវែងឆ្ងាយ។

លោកស្រី Colonna បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីមានទំនាក់ទំនងល្អជាមួយអ៉ីស្រាអែល អំឡុងការពិនិត្យឡើងវិញនេះ និងអំពាវនាវដល់អ៉ីស្រាអែល ឱ្យបង្ហាញ ការពិតដើម្បីជាប្រយោជន៍ទាំងអស់គ្នា។ ប្រមុខនៃ UN លោក Antonio Guterres បានទទួលយកមតិយោបល់នេះ ហើយអំពាវនាវឱ្យប្រទេសនានាគាំទ្រសកម្មភាពរបស់ UNRWA សម្រាប់អាយុជីវិតជនភៀសខ្លួនប៉ាឡេស្ទីនក្នុងតំបន់៕