(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទ (២២ មេសា) ថា ប្រមុខចារកម្មយោធាបានលាលែងពីតំណែង ក្រោយទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន ដែលនាំទៅដល់ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ឧត្តមសេនីយ Aharon Haleva គឺជាមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដំបូងគេដែលបានលាលែងពីតំណែង ចំពោះការបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហាម៉ាស ដែលនាំឱ្យមានសង្គ្រាមនៅហ្គាហ្សា។

លោក Haleva បាននិយាយនៅក្នុងលិខិតលាលែងពីដំណែងរបស់លោកថា «ខ្ញុំបានសារភាពថា នាយកដ្ឋានស៊ើបការណ៍សម្ងាត់ដែលខ្ញុំកំពុងដឹកនាំ មិនបានបំពេញនូវទំនួលខុសត្រូវដែលបានប្រគល់ឱ្យយើងទេ។ ខ្ញុំបានយកថ្ងៃខ្មៅនោះជាមួយខ្ញុំ តាំងពីពេលនោះមក»

ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងលើរបាយការណ៍ដែលបង្ហាញថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺសហរដ្ឋអាមេរិកអាចពិចារណាដាក់ទណ្ឌកម្មលើកងវរសេនាតូច Netzah Yehuda របស់យោធា សម្រាប់ការចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្សនៅតំបន់ West Bank មុនពេលមានជម្លោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្កោលទោសការយល់ឃើញនេះថា មិនសមហេតុផល និងអយុត្តិធម៌ ជាពិសេសនៅពេលដែលកងកម្លាំងអ៊ីស្រាអែលកំពុងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវករ។ លោកក៏បានបង្ហាញពីផែនការបង្កើនសកម្មភាពយោធា ប្រឆាំងនឹងក្រុមហាម៉ាសនៅថ្ងៃខាងមុខផងដែរ។

នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងបើកការវាយប្រហារតាមផ្លូវគោកលើទីក្រុង Rafah ភាគខាងត្បូងបំផុតរបស់ហ្គាហ្សា ទោះបីជាមានការព្រួយបារម្ភពីអន្តរជាតិ អំពីប្រជាជនភាគច្រើននៃប៉ាឡេស្ទីន ដែលបានភៀសខ្លួននៅទីនោះក៏ដោយ៕