(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង និងក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា នាថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលមួយគ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ នៅភាគខាងកើតឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

យោធាទីក្រុងសេអ៊ូលបានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគមួយគ្រាប់ ដែលមិនទាន់អាចកំណត់ប្រភេទបាន ចូលទៅក្នុងសមុទ្រខាងកើត (ឬហៅថា សមុទ្រជប៉ុន)។ រីឯក្រសួងការពារជាតិជប៉ុន បានបង្ហោះសារលើប្រព័ន្ធ X ថា មីស៉ីលមួយគ្រាប់ដែលសង្ស័យជាមីស៉ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK មីស៉ីលនោះបានធ្លាក់នៅក្រៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​ប្រទេសជប៉ុន ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយទៀតគឺ NTV ដែលផ្អែកលើប្រភពពីរដ្ឋាភិបាលជប៉ុន វាជាប្រភេទមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើបាញ់សាកល្បងបាញ់មីស៉ីលគ្រូសយុទ្ធសាស្រ្តមួយគ្រាប់ ដើម្បីធ្វើតេស្តក្បាលគ្រាប់ខ្នាតយក្សមួយ ព្រមទាំងមីស៉ីលស៊េរីថ្មីសម្រាប់ប្រឆាំងយន្តហោះយោធា។ ក្នុងខែមេសានេះ កូរ៉េខាងជើងក៏បាន​បាញ់មីស៉ីលល្បឿនលឿនជាងសំឡេងថ្មីមួយផងដែរ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រភេទមីស៉ីលប្រើប្រាស់បច្ចេកវិទ្យា​ឥន្ធនៈរឹង។ តាមរយៈការអភិវឌ្ឍមីស៉ីលបាលិស្ទីគ កូរ៉េខាងជើងបំពានសេចក្តីសម្រេចរបស់​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានលើកឡើងថា ការដាក់បម្រាមនោះ គឺជាការរំលោភមកលើសិទ្ធិរបស់​ប្រទេសកូរ៉េខាងជើង ក្នុងការការពារខ្លួនឯង៕