(ប៉េកាំង)៖​ នៅថ្ងៃអាទិត្យនេះ កងទ័ពជើងទឹកចិនបានចាប់ផ្តើមបើក សន្និសីទដែលប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្តង ជាមួយក្រុមមន្រ្តីយោធាជើងទឹក​មកពីបរទេស នៅឯទីក្រុងកំពង់ផែ Qingdao ចំពោះមុខការកើនឡើង​ភាពតានតឹង ក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

ព្រឹតិ្តការណ៍ការទូតយោធានេះ ដែលមានរយៈពេល៤ថ្ងៃ ជាមួយប្រតិភូមកពីខ្ទង់៣០ប្រទេស គឺចំពេលដែលភាពតានតឹង​មានការកើនឡើង នៅសមុទ្រចិនខាងត្បូងជាទីដែលមានបញ្ហាវិវាទ ខណៈសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺហ្វីលីពីនកំពុងស្ថិតក្នុងការប្រឈម​មុខដាក់គ្នាខ្លាំងឡើង ជាមួយទីក្រុងប៉េកាំង នៅទីនោះ។ នាយឧត្តមនាវី Stephen Koehler ដែលជាមេបញ្ជាការកងអង្គភាពប៉ាស៉ីហ្វិករបស់ទ័ពជើងទឹក​អាមេរិក នឹងតំណាងឱ្យទីក្រុងវ៉ាស៉ីនតោន ចូលរួមសន្និសីទខាងលើ ហៅថា Western Pacific Naval Symposium។ រីឯគណៈប្រតិភូមក​ពីប្រទេសដទៃទៀត រួមមានដូចជាអូស្រ្តាលី បារាំង ឥណ្ឌា កូរ៉េខាងត្បូង រុស្ស៉ី និងចក្រភពអង់គ្លេស ជាដើម។ កិច្ចពិភាក្សានៃសន្និសីទនេះ នឹងផ្តោតទៅលើបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធសន្តិសុខដែនសមុទ្រ។

ព្រឹត្តិការណ៍សន្និសីទខាងលើ ក៏គាប់ជួបពេលជាមួយសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ រវាងហ្វីលីពីននិងអាមេរិកផងដែរ ដែលនឹងត្រូវ​ប្រព្រឹត្តទៅ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ហើយជាលើកទីមួយ ដែលធ្វើឡើងនៅក្រៅដែនសមុទ្ររបស់ហ្វីលីពីន។ ប្រមាណជា១ឆ្នាំមកនេះ ភាពតានតឹងបានកើនឡើងខ្ពស់ នៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ឬចិនហៅថា Ren'ai នៃសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីលបានចោទប្រកាន់ទីក្រុងប៉េកាំង អំពីសកម្មភាពធ្វើទុក្ខបុកម្នេញ រួមមានការប្រើប្រាស់កាណុងបាញ់ទឹកមកលើទូក​របស់ខ្លួន។

គួរបញ្ជាក់ថា សន្និសីទកងទ័ពជើងទឹកប៉ាស៉ីហ្វិកខាងលិច ត្រូវបានធ្វើឡើងជាលើកចុងក្រោយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានជប៉ុន​ធ្វើជាម្ចាស់ផ្ទះ។ សម្រាប់សន្និសីទឆ្នាំ២០២៤នេះ​ គឺជាលើកដំបូងដែលចិនជាអ្នករៀបចំ គិតចាប់តាំងពីឆ្នាំ២០១៤មក ហើយត្រូវនឹងខួបទី​៧៥ នៃថ្ងៃកំណើតកងទ័ពជើងទឹកចិន គឺថ្ងៃអង្គារសប្តាហ៍ក្រោយ។ ទីក្រុងប៉េកាំងមានមហិច្ឆតា ពង្រីកកងទ័ពជើងទឹករបស់ខ្លួន ដែលក្រុម​អ្នកវិភាគមួយចំនួនព្យាករថា នឹងក្លាយជាកងទ័ពជើងទឹកធំបំផុតរបស់ពិភពលោក នៅឆ្នាំ២០៣៥។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ឱ្យកសាងយោធាចិនក្លាយជាយោធាលំដាប់ថ្នាក់ពិភពលោក នៅត្រឹមឆ្នាំ២០២៧ ចំគម្រប់ខួប១០០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពចិន៕