(ហ្សេរុយសាឡិម)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៉ីស្រាអែលបានធ្វើការបាញ់ប្រហារជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank នៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃទី ២នៃការវាយឆ្មក់របស់ខ្លួន បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ ២០២៤។

កងកម្លាំងអ៉ីស្រាអែល បានបើកការវាយឆ្មក់លើតំបន់ Nur Shams ក្បែរទីក្រុង Tulkarm របស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃសុក្រមក។ យោធាអ៉ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធមួយចំនួនត្រូវបានសម្លាប់ និងចាប់ខ្លួនបន្ថែមទៀត ហើយមានទាហាន ៤នាក់រងរបួស។ ក្រុម Tulkarm Brigades ដែលរាប់បញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាច្រើននាក់ បាននិយាយថា ក្រុមរបស់ខ្លួននៅតែបន្តបាញ់ប្រហារជាមួយកងកម្លាំងអ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ។ យ៉ាងហោចណាស់ យន្តហោះដ្រូន ៣គ្រឿងត្រូវបានគេប្រទះឃើញហោះពីលើតំបន់ Nur Shams ជាកន្លែងដែលរថយន្តយោធាអ៉ីស្រាអែលប្រមូលផ្តុំគ្នា។ បើតាមក្រុមមន្រ្តីប៉ាឡេស្ទីន អ្នកស្លាប់ម្នាក់ជាខ្មាន់កាំភ្លើង រីឯម្នាក់ទៀតគឺជាសិស្សសាលាអាយុ ១៦ឆ្នាំ។

គួរបញ្ជាក់ថា Nur Shams ជាតំបន់ដែលមានជនភៀសខ្លួនពីសង្រ្គាមអ៉ីស្រាអែល-ប៉ាឡេស្ទីនឆ្នាំ ១៩៤៨ និងកូនចៅរបស់ពួកគេរស់នៅទីនោះ។ អំពើហិង្សានៅតំបន់ West Bank បានកើនឡើងរួចទៅហើយមុនផ្ទុះសង្រ្គាមនៅហ្គាហ្សា ហើយវាកាន់តែកើនឡើងថែមទៀតដោយការវាយឆ្មក់ជាញឹកញាប់របស់អ៉ីស្រាអែល ការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីន និងការឈ្លានពានពីសំណាក់អ្នកតាំងលំនៅអ៉ីស្រាអែលក្នុងភូមិរបស់ប៉ាឡេស្ទីន៕