(ហ៊្សេរុយសាឡិម)៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារតបតដាក់ទៅលើទឹកដីអ៊ីរ៉ង់វិញនាវេលាទាបភ្លឺថ្ងៃសុក្រ ទី១៩មេសា ប៉ុន្តែជាការវាយប្រហារក្នុងទ្រង់ទ្រាយតូច។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមានមុននេះថា ការវាយប្រហារណាមួយ ដាក់អ៊ីស្រាអែលមិនថាតូចតាចប៉ុណ្ណាទេដាក់មកលើប្រទេស អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបវិញ នូវអំពើឈឺចាប់ធំធេងនិងធ្ងន់ធ្ងរដាក់ទៅវិញ។

កៃរបស់អ៊ីស្រាអែលបានបំផ្ទុះដាក់ទៅលើប្រទេសអ៊ីរ៉ង់ហើយនៅថ្ងៃសុក្រនេះ បើទោះបីជា មានសម្តីព្រមានដាច់ណាត់ថានឹង ការឆ្លើយតបទៅវិញក្នុងទំហំធំប៉ុណ្ណោះក៏ដោយ។ ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាស ដាក់លើទឹកដីប្រទេសអ៊ីរ៉ង់វិញនេះ ត្រូវគេរាយការណ៍បង្ហាញថា មានសភាពតូចដែលគ្រាន់តែជានិមិត្តរូប នៃការសងសឹកវិញតែប៉ុណ្ណោះ។ អ៊ីរ៉ង់បានថ្លែង នៅថ្ងៃសុក្រទី១៩មេសាថា គេបានបាញ់ទម្លាក់ដ្រូនមួយចំនួនប៉ុន្តែមិនទាន់មាន បញ្ជាក់ការវាយប្រហារដោយគ្រាប់មីស៊ីលណាមួយ របស់អ៊ីស្រាអែលឡើយ។

សេចក្តីរាយការណ៍ស៊ីអិនអិន បានដកស្រង់សម្តីមន្ត្រីអាមេរិក ដែលបញ្ជាក់ថាអ៊ីស្រាអែលបាន ធ្វើប្រតិបត្តិការយោធាដាក់លើទឹកដីអ៊ីរ៉ង់ នៅទន្ទឹមនឹងប្រព័ន្ធសារព័ត៌មាន ក្នុងស្រុករបស់អ៊ីរ៉ង់ និយាយថាប្រព័ន្ធអាវុធការពារដែនអាកាសក្បែរក្រុង Isfahan លើទឹកដីអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការ។ មន្ត្រីអាមេរិកបានថ្លែងថាអ៊ីស្រាអែល បានប្រាប់រដ្ឋបាលអាមេរិកកាលពីព្រលឹមថ្ងៃព្រហស្បតិ៍ ថាអ៊ីស្រាអែលនឹងធ្វើការវាយប្រហារនៅក្នុងរយៈពេលពី២៤ម៉ោង ទៅ៤៨ម៉ោងក្នុង ពេលខាងមុខ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមានជាច្រើនម៉ោង មុនការវាយប្រហារនេះ ដាក់អ៊ីស្រាអែលថា ការធ្វើសកម្មភាពណា មួយទោះបីតូចតាចប៉ុណ្ណាក៏ដោយ ដាក់មកលើ ប្រទេស អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបវិញនូវអំពើឈឺចាប់ធំធេង និងធ្ងន់ធ្ងរដាក់ទៅវិញ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័រ៉េស បានថ្លែងនៅថ្ងៃទី១៨មេ សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបង្ហាញតម្រុយថា «តំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្បែរនឹង មាត់ជ្រោះដ៏ជ្រៅមួយ» និងលោកបានព្រមានថា «ការគណនាខុសណាមួយ ឬភាពខុសនៃទំនាក់ទំនងណាមួយ ឬការសាងកំហុសណាមួយ វានឹងអាចនាំទំនាស់កើត ឡើងក្នុងតំបន់ពេញទំហឹងដែល គេនឹងមិននឹកស្មានដល់បានឡើយ ដែលប្រការនោះនឹងនាំ ឱ្យមានក្តីរងអន្តរាយដល់អ្នកទាំងឡាយ ដែលជាប់ពាក់ព័ន្ធ»។ ប៉ុន្តែក្តីបារម្ភខ្លាចក្រែងមាន សង្គ្រាមផ្ទុះឡើងរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់នោះ បានកើតឡើងហើយ និងពេលនេះ គេនឹងរង់ចាំមើលប្រតិកម្មពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីហេតុការណ៍បានកើតឡើងនៅថ្ងៃសុក្រនេះ រួច។

ប្រព័ន្ធព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ បានរាយការណ៍ជុំវិញស្នូរផ្ទុះកើតឡើង ក្បែរមូលដ្ឋានអាកាស យានដ្ឋាននៅជិតនឹងក្រុង Isfahan។ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយថា មិនមានអំពើរង គ្រោះថ្នាក់អ្វីឡើយនៅក្នុងក្រុង Isfahan។ មន្ត្រីនាំពាក្យទីលំហអវកាសអ៊ីរ៉ង់លោក Hossein Dalirian បានសរសេរក្នុងបណ្តាញសង្គមថា «ដ្រូនមួយចំនួនត្រូវបានបាញ់ទម្លាក់ដោយ ប្រព័ន្ធអាវុធការពារដែនអាកាស និងមិនមានរបាយការណ៍ណាមួយ និយាយអំពីការវាយប្រហារ ដោយគ្រាប់មីស៊ីលឡើយនាពេលនេះ»។

ទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ិរ៉ង់បានរាយការណ៍ថា គេបានឮស្នូរផ្ទុះចំនួន៣ក្បែរមូលដ្ឋាន អាកាស Shekari។ ទីភ្នាក់ងារព័ត៌មាន Fars ដដែលបាននិយាយថាបន្តថា ស្នូរផ្ទុះមួយទៀត ត្រូវបានគេឮក្នុងព្រលានយន្តហោះក្នុងក្រុង Isfahan ប៉ុន្តែថាមូលហេតុ នៃការផ្ទុះនោះ នៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ។ អ៊ីរ៉ង់បានផ្អាកការហោះហើរនានា លើដែនអាកាសនៃក្រុង Isfahan, ក្រុង Shiraz, និងក្រុង Tehran។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដាក់លើទឹកដីប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ គឺជាការវាយប្រហារមួយបន្ទាប់ពី អ៊ីរ៉ង់បានបាញ់ស្រោចដ្រូន និងមីស៊ីលបាលីស្ទីកដូចគ្រាប់ភ្លៀង ប្រមាណជាង៣០០គ្រាប់នាថ្ងៃទី១៤ មេសា ដាក់លើទឹកដីអ៊ីស្រាអែល។

សេចក្តីរាយការណ៍មុននេះ បាននិយាយថាអ៊ីស្រាអែល គ្រោងនឹងវាយប្រហារដាក់ទៅលើ ទីតាំងថាមពលនុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់ នៅក្នុងការសងសឹកនេះ ដែលការប៉ុនប៉ងចង់វាយប្រហារ ដាក់លើមូលដ្ឋាននៃគំរោងថាមពលនុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់នោះ ត្រូវរដ្ឋាភិបាលក្រុងតេអេរ៉ង់ ព្រមានថាគេនឹងវាយប្រហារដាក់ទៅលើ ទីតាំងផលិតគ្រាប់អាតូមិករបស់អ៊ីស្រាអែលវិញ ប្រសិនណាបើអ៊ីស្រាអែលហ៊ានវាយប្រហារដាក់លើ ទីតាំងនុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់នោះ។

សេចក្តីរាយការណ៍ពីប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រ បាននិយាយថាទឹកដីនៃខេត្ត Isfahan ដែលរងការវាយប្រហារដោយដ្រូនអ៊ីស្រាអែលនោះ គឺជាកន្លែងដែលមាន ទីតាំងថាមពលនុយក្លេអ៊ែ័រ មួយចំនួនរួមទាំងទីតាំងឈ្មោះ Natanz ដែលជាមជ្ឈមណ្ឌលកម្មវិធីសារធាតុអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់។ កាសែតតូចៗក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ជុំវិញការវាយប្រហារតាមផ្លូវអាកាសនេះថា មានមីស៊ីលរបស់អ៊ីស្រាអែលមួយគ្រាប់ បានបាញ់ដាក់លើទីតាំងថាមពលនុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់ ក៏ដូចជាការឮស្នូរផ្ទុះជាច្រើនក្បែរ ព្រលានយន្តហោះ Isfahan ប៉ុន្តែមិនមានសេចក្តីរាយ ការណ៍ពីមន្ត្រីរដ្ឋាភិបាលតេអេរ៉ង់ជុំវិញការបាញ់មីស៊ីលឡើយ។

អ៊ីរ៉ង់បានគំរាមថានឹងបង្កើតគ្រាប់បែកនុយក្លេអ៊ែ័រ ប្រសិនណាបើប្រទេសអ៊ីរ៉ង់ នឹងរងការវាយប្រហារដោយអ៊ីស្រាអែល។ មន្ត្រីជំនាញ បាននិយាយថាអ៊ីរ៉ង់ ដែលមានសារធាតុអ៊ុយរ៉ានីញ៉ូមជាច្រើន អាចមានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែ័រនេះបាន ដែលត្រឹមតែក្នុងរយៈពេល៦ខែ ឬមួយឆ្នាំនឹងអាចផលិត គ្រាប់បែកនុយក្លេអ៊ែ័រនោះ បានមួយគ្រាប់ផងទៀត។

ប្រទេសអ៊ីរ៉ង់ដែលមានកម្មវិធីនុយក្លេអ៊ែ័ររបស់ខ្លួនកន្លងមក តែងប្រកាសអះអាងថាកម្មវិធីនុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់នោះ គឺបំរើតែលើគោលដៅបំរើ ប្រជាជនស៊ីវិលតែប៉ុណ្ណោះ។ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏ធ្លាប់បានថ្លែងបកស្រាយ បំភ្លឺដែរថាកម្មវិធីនុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់ គឺមិនមែនជា កម្មវិធីផលិតអាវុធនុយក្លេអ៊័រឡើយ។ ប៉ុន្តែឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Ahmad Haghtalab មេបញ្ជាការអង្គភាពឆ្មាំល្បាតបដិវត្តឥស្លាម ដែលទទួលបន្ទុកលើសន្តិសុខនុយក្លេអ៊ែ័រ បានថ្លែង ព្រមាននៅថ្ងៃទី១៨មេសាថាកម្មវិធី នុយក្លេអ៊ែ័ររបស់អ៊ីរ៉ង់នោះនឹងអាចផ្លាស់ប្តូរវិញ ប្រសិនណាបើអ៊ីរ៉ង់ នឹងរងការវាយប្រហារ ដោយអ៊ីស្រាអែល។ សេចក្តីព្រមានរបស់ ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះ គឺជាសម្តីលើកដំបូងដែល បង្ហាញថាកម្មវិធីនុយក្លេអ៊ែ័រនោះ នឹងអាចក្លាយជាកម្មវិធីផលិតអាវុធបរមាណូសម្លាប់មនុស្ស ប្រសិនណាបើអ៊ីស្រាអែល ហ៊ានតែធ្វើសកម្មភាពវាយប្រហារ ដាក់មកលើប្រទេសអ៊ីរ៉ង់នោះ មែន។

គេនៅមិនទាន់មានសេចក្តីរាយការណ៍ប្រតិកម្មពីរដ្ឋាភិបាលអ៊ីរ៉ង់ ជុំវិញអំពើវាយប្រហារតាម ផ្លូវ អាកាសនេះឡើយ។ សារព័ត៌មាន Fox News អាមេរិក បានរាយការណ៍ថាការវាយប្រហាររបស់អ៊ីស្រាអែល នៅព្រឹក ថ្ងៃសុក្រ ទី១៩ មេសា គឺជា ការវាយប្រហារដែលមានការកំណត់ និងគ្រាន់តែជាសកម្មភាពវាយតប ក្នុងអំពើសងសឹករបស់អ៊ីរ៉ង់ដែលធ្វើការបាញ់ស្រោចដ្រូន និងមីស៊ីលបាលីស្ទីកជាង៣០០ គ្រាប់ប្រមាណ៥ថ្ងៃមុនមកនេះតែប៉ុណ្ណោះ។

ភាពប្រឈមមុខគ្នាជាចំហររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក្នុងពេលនេះ គឺផ្តើមមកពីទំនាស់នៃព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧ តុលា ឆ្នាំ២០២៣លើទឹកដីអ៊ីស្រាអែលដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រមាណ១ពាន់២០០នាក់ និងចាប់ជាចំណាប់ខ្មាំង ២៥០នាក់នោះ ត្រូវបានអ៊ី ស្រាអែលប្រកាសធ្វើសង្គ្រាមវាយប្រហារ ដើម្បីបំបាត់ក្រុមហាម៉ាស់វិញ ដោយគិតមកត្រឹម ថ្ងៃសុក្រ ទី១៩ មេសា ឆ្នាំ២០២៤ ពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានស្លាប់ដោយសារសង្គ្រាម នៅក្នុងតំបន់ហ្គាហ្សានោះ មានយ៉ាងហោច ៣ម៉ឺន៣ពាន់៩៧០នាក់ ខណៈសង្គ្រាមបានអូស បន្លាយជាង៦ខែរួចមកនេះ។

សហរដ្ឋអាមេរិក ដែលបង្ហាញភាពប្រែប្រួលនយោបាយរបស់ខ្លួនចុះឡើង ម្តងហាក់ដូចជាគាំទ្រ និងម្តងមិនគាំទ្រចំពោះ សកម្មភាពរបស់អ៊ីស្រាអែល បានរារាំងអង្គការសហប្រជាជាតិ ក្នុងការបោះឆ្នោតវេតូក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយមិនឱ្យប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិ របស់អង្គការសហប្រជាជាតិឡើយ។

កាលពីខែមីនាកន្លងមក សហរដ្ឋអាមេរិកក្រោមសម្ពាធនយោបាយពីអន្តរជាតិ បានបោះឆ្នោត អនុប្បវាទមួយដោយទុកឱ្យប្រទេស ១៤ផ្សេងទៀត អនុម័តដំណោះស្រាយលេខ ២៧២៨ដែល គាំទ្រការឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា។ ជំហរនោះ បានធ្វើឱ្យមានក្តីរំពឹងថា សហរដ្ឋអាមេរិកដែលបន្តគាំទ្រចំពោះ ដំណោះស្រាយរកការបង្កើតរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីន នោះ អាចនឹងប្រែប្រួលនយោបាយរបស់ខ្លួន ដែលធ្លាប់តែគាំទ្រផ្កាប់មុខចំពោះនយោបាយរបស់អ៊ីស្រាអែលប្រឆាំងប៉ាឡេស្ទីន។ ប៉ុន្តែនៅក្នុងការបោះឆ្នោត ថ្ងៃទី១៨មេសាឆ្នាំ២០២៤ ក្នុងរង្វង់សំណើរបស់អង្គការសហប្រជាជាតិ ដែលមានសមាជិក១៩៣ប្រទេស ស្នើឱ្យប៉ាឡេស្ទីនបាន ក្លាយជាសមាជិកពេញសិទ្ធិ របស់អង្គការសហប្រជាជាតិនោះ ស្រាប់តែរដ្ឋាភិបាលសហរដ្ឋអាមេរិកបោះ ឆ្នោតជំទាស់ទៅវិញ។ ក្នុងការបោះឆ្នោត១៥ប្រទេស ដែលស្ថិតក្នុងរង្វង់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនោះ, ចក្រភពអង់គ្លេស និងប្រទេសស្វីស បានបោះឆ្នោតអនុប្បវាទ ចំណែកឯសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១២ ប្រទេសផ្សេងទៀត បានបោះឆ្នោតគាំទ្រ ប៉ុន្តែសហរដ្ឋអាមេរិកធ្វើដំណើរទៅតែឯង ដោយបោះឆ្នោតប្រឆាំង។

សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋប៉ាឡេស្ទីនដែលឯករាជ្យ គួរត្រូវបានបង្កើតឡើង ប៉ុន្តែត្រូវធ្វើតាមរយៈការចរចាដោយផ្ទាល់ រវាងប្រទេសអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន ហើយមិនមែនធ្វើតាមរយៈវិធានការរបស់អង្គការសហប្រជាជាតិឡើយ៕