(អ៉ីស្លាម៉ាបាដ)៖ អ្នកនាំពាក្យប៉ូលិសប៉ាគីស្ថាន បានឱ្យដឹងថា ប៉ូលិសនៅក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេស បានបាញ់សម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ និងជនសកម្មប្រយុទ្ធម្នាក់ នៅថ្ងៃសុក្រនេះ ខណៈដែលពួកគេព្យាយាមវាយប្រហារលើ រថយន្តដឹកជនជាតិជប៉ុន ៥នាក់ ដែលបានរួចផុតពីគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤។

លោក Abrar Hussain Baloch បាននិយាយថា ជនជាតិជប៉ុនទាំង ៥នាក់ដែលរួចផុតពីគ្រោះថ្នាក់ហើយនោះ ត្រូវបានបញ្ជូនទៅកាន់ កន្លែងសុវត្ថិភាព ក្រោមការការពាររបស់ប៉ូលិស។ ភ្លាមៗនេះ មិនទាន់មានការចេញមុខអះអាងទទួលខុសត្រូវ ពីសំណាក់ក្រុមសកម្មប្រយុទ្ធណាមួយ នោះទេ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធដែលចង់ផ្តួលរំលំរដ្ឋាភិបាល ហើយបង្កើតច្បាប់អ៉ីស្លាមដ៏តឹងរ៉ឹងរបស់ពួកគេផ្ទាល់ បានបើកការវាយប្រហារ យ៉ាងខ្លាំងក្លា លើប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមបំបែកខ្លួនមួយចំនួន បានកំណត់គោលដៅលើជនបរទេស ដូចជាជនជាតិចិនជាដើម៕