(កៀវ)៖ នៅថ្ងៃសុក្រនេះ អ៊ុយក្រែនបានអះអាងថា ជាលើកដំបូងបំផុត គិតចាប់តាំងតែពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានផ្ទុះឡើងមក កងកម្លាំងរបស់ខ្លួន បានបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ១គ្រឿង ដែលត្រូវបានរុស្ស៉ីប្រើប្រាស់ក្នុងការបាញ់មីស៉ីលគ្រូស មកលើទីក្រុងផ្សេងៗរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។

យោធាអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ជាលើកដំបូងបង្អស់ កងអង្គភាពមីស៉ីលប្រឆាំងយន្តហោះ នៃកងទ័ពអាកាសអ៊ុយក្រែន ក្រោមកិច្ចសហការគ្នាជាមួយ ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បានបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តចម្ងាយឆ្ងាយធុន Tu-22M3 របស់រុស្ស៉ីចំនួន១គ្រឿង»

ចំណែកខាងក្រុមមន្រ្តីរុស្ស៉ីបានឱ្យដឹងថា យន្តហោះខាងលើបានធ្លាក់ នៅតំបន់ Stavropol ភាគខាងត្បូងប្រទេសរុស្ស៉ី នៅពេលហោះ​ត្រឡប់ទៅកាន់ មូលដ្ឋានរបស់វាវិញ ហើយសមាជិកយ៉ាងហោចម្នាក់របស់យន្តហោះនោះ បានបាត់បង់ជីវិត។ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS ដែលដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 ១គ្រឿង បានធ្លាក់នៅតំបន់ Stavropol ពេល​ត្រឡប់មកពីបំពេញបេសកកម្មប្រយុទ្ធមួយ។

គួរបញ្ជាក់ថា បើតាមអភិបាលតំបន់ Stavropol ម្នាក់ក្នុងចំណោមសមាជិកទាំង៤នាក់ នៅលើយន្តហោះនោះ បានបាត់បង់ជីវិត ហើយ​២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈម្នាក់ទៀតរកមិនទាន់ឃើញនៅឡើយ៕