(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿង ដោយមិនមានការវាយប្រហារដោយ មីស៊ីលណាមួយនោះទេនៅពេលនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីស្នូរផ្ទុះនៅក្បែរទីក្រុង Isfahan ស្ថិតនៅភាគខាងកណ្ដាលនៃប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យទីភ្នាក់ងារអវកាសអ៉ីរ៉ង់ លោក Hossein Dalirian បានគូសបញ្ជាក់ថាដ្រូនជាច្រើនគ្រឿង ត្រូវបាន ប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់ដោយជោគជ័យ ហើយក្នុងពេលនេះមិនមានការវាយប្រហារដោយមីស៊ីលណាមួយនោះទេ។ តាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars ការផ្ទុះចំនួន៣លើកបានកើតឡើងនៅក្បែរមូលដ្ឋានទ័ពអាកាស Shekari ស្ថិតក្បែរទីក្រុង Isfahan។ ប៉ុន្តែមិនបានបង្កការខូចខាតអ្វីដល់រោងចក្រនុយក្លេអ៊ែរ ក្នុងទីក្រុង Isfahan ឡើយ។

គួរបញ្ជាក់ថា សារព័ត៌មានអាមេរិក ABC News បានរាយការណ៍ថាមីស៊ីលរបស់អ៉ីស្រាអែល បានវាយប្រហារលើគោលដៅមួយស្ថិតនៅក្នុងទឹកដីអ៉ីរ៉ង់កាលពីយប់ ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីអ៉ីស្រាអែលព្រមានថានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់កាលពី សប្ដាហ៍មុន។ ទូរទស្សន៍អាមេរិក CNN វិញក៏បានរាយការណ៍ដែរថាជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅហោះហើរចេញពីដែនអាកាសអ៉ីរ៉ង់។ យ៉ាងណាក៏ដោយ ខាងយោធាអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញសេចក្ដីរាយការណ៍ពីការវាយប្រហារក្នុងទឹកដីអ៉ីរ៉ង់៕