(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ដែលជាលទ្ធផលនៃការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣,៩៧០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧១ នាក់ និង១០៦ នាក់ទៀតរងរបួស ដែលនាំឱ្យចំ​នួនអ្នកស្លាប់សរុបកើនដល់ ៣៣,៩៧០នាក់ និងរងរបួស ៧៦,៧៧០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បាននិយាយថា កងទ័ពអ៊ីស្រាអែល «បានបំផ្លាញ» ប្រព័ន្ធសុខាភិបាលនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបានទុកឱ្យមនុស្សប្រហែល ៧០០,០០០ នាក់រស់នៅគ្មានសេវាសុខាភិបាល៕