(ព្រុចសែល)៖ លិខិតចំហមួយជូនបណ្តាមេដឹកនាំសហភាពអឺរ៉ុប (EU) បែលហ្ស៉ិក និងសាធារណរដ្ឋឆែក បានអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដើម្បីទប់ទល់នឹងឥទ្ធិពលរុស្ស៉ីនៅក្នុងការបោះឆ្នោតអឺរ៉ុបនាពេលខាងមុខ បន្ទាប់ពីប្រទេសជាច្រើន បានរកឃើញថាមានករណីជ្រៀតជ្រែកទុកមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។

លិខិតចុះថ្ងៃទី១៦ មេសា ដោយនាយករដ្ឋមន្រ្តីបែលហ្ស៉ិក លោក Alexander de Croo និងប្រធានាធិបតីឆែក លោក Peter Fiala ត្រូវបានដាក់ជូនគណៈកម្មការ ក្រុមប្រឹក្សា និងសភាអឺរ៉ុប។ មេដឹកនាំទាំងពីរ និយាយថា ករណីព័ត៌មានមិនពិត និងការជ្រៀតជ្រែកផ្ទៃក្នុង ពីសំណាក់ក្រុមគាំទ្ររុស្ស៉ី ត្រូវបានរកឃើញរួចហើយនៅក្នុងប្រទេសជាសមាជិកមួយចំនួន ហើយជាពិសេស សេវាសន្តិសុខបែលហ្ស៉ិក បានរកឃើញបណ្តាញមួយក្នុងប្រទេស ជាប់ពាក់ព័ន្ធនឹងការផ្ទេរសាច់ប្រាក់ចេញពីប្រទេសឆែក។ បណ្តាញនោះ មានបំណង បង្កើតកិច្ចសហប្រតិបត្តិការរវាងអ្នកនយោបាយគាំទ្ររុស្ស៉ីនៅក្នុងសភាអឺរ៉ុប ជួយជ្រើសរើសបេក្ខជនដែលមានទំនោរគាំទ្ររុស្ស៉ីកាន់តែច្រើន ហើយតែតាំងពួកគេឱ្យក្លាយជាសមាជិកថ្មីនៃសភាអឺរ៉ុប។ បែលហ្ស៉ិក បានចង្អុលបង្ហាញពីហានិភ័យចម្បង ដែលអាចកើតឡើងមិនត្រឹមតែ ចំពោះស្ថាប័ន EU ប៉ុណ្ណោះទេ ថែមទាំងចំពោះអង្គការណាតូ (NATO) ដែលមានទីស្នាក់ការនៅជិតរដ្ឋធានីព្រុចសែល របស់ខ្លួនទៀតផង។

គួរបញ្ជាក់ថា ការបោះឆ្នោតសភាអឺរ៉ុប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមិថុនា។ បើតាម លោក de Croo កន្លងមក បណ្តាមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នាដាក់ឱ្យប្រើប្រាស់នូវយន្តការដោះស្រាយវិបត្តិគ្រាអាសន្ន។ បន្ទាប់មកក្រុមការងារ នឹងតាមដានយ៉ាងដិតដល់នូវរាល់ព័ត៌មានមិនពិតនានា។ បែលហ្ស៉ិក រួមជាមួយប្រទេស EU ដ៏ទៃទៀត បានបើកការស៉ើបអង្កេតឧក្រិដ្ឋកម្ម ខណៈដែលឆែក បានដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួន និងអង្គភាពមួយជាកញ្ចប់ទណ្ឌកម្មក្នុងស្រុក សម្រាប់កិច្ចខិតខំប្រឹងប្រែង ដែលបំផ្លាញដល់បូរណភាពទឹកដីអ៊ុយក្រែន៕