(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ចិននឹងរៀបចំសមយុទ្ធការពារដែនអាកាស និងសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃពុធតទៅ នៅក្នុងជុំទីពីរនៃខែនេះ ខណៈដែលការប្រយុទ្ធគ្នារវាងយោធានៃរបបសឹកមីយ៉ាន់ម៉ា ជាមួយចលនាតស៊ូប្រដាប់អាវុធកាន់តែខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ ២០២៤។

ការរៀបចំសមយុទ្ធបន្ថែមនេះទៀតសោតក៏ធ្វើឡើង បន្ទាប់ពីមានសញ្ញានៃការកើនឡើងគួរឱ្យកត់សម្គាល់នូវជម្លោះ កាលពីសប្តាហ៍មុន នៅពេលដែលកងកម្លាំងក្រុមឧទ្ទាមដណ្តើមបានទីក្រុង Myawaddy របស់មីយ៉ាន់ម៉ា ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់ក្បែរព្រំដែនថៃ និងជំរុញឱ្យមានលំហូរជនភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។

បើតាមទូរទស្សន៍រដ្ឋ CCTV សមយុទ្ធក្នុងសប្តាហ៍នេះ ដោយទីបញ្ជាការភូមិភាគខាងត្បូងរបស់ចិន ធ្វើឡើងជាទម្រង់នៃលំហាត់ហ្វឹកហ្វឺន ប្រចាំឆ្នាំ ដោយមិនសំដៅទៅលើការប្រយុទ្ធគ្នា នៅក្នុងប្រទេសជិតខាងនោះទេ។ កងទ័ពចិនតែងតែត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹង ភាពអាសន្ន ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពជាតិ ស្ថិរភាពព្រំដែន អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

គួរបញ្ជាក់ថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រយុទ្ធនឹងការបះបោរនៃចលនាតស៊ូជាច្រើន ចាប់តាំងពីការផ្តួលរំលំ រដ្ឋាភិបាលស៉ីវិល កាលពីឆ្នា ២០២១ ប៉ុន្តែការបរាជ័យនៅក្នុងតំបន់ព្រំដែន ចាប់តាំងពីខែតុលា ឆ្នាំមុន បាននាំឱ្យបាត់បង់ការគ្រប់គ្រង លើទឹកដី ដែលនៅជាប់ព្រំដែនបង់ក្លាដែស ចិន និងឥណ្ឌា ក៏ដូចជាក្តីបារម្ភពីការរំខានដល់ពាណិជ្ជកម្ម និងលំហូរជនភៀសខ្លួន៕