(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា និងជាជ័យលាភពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរចេញពីពន្ធនាគារ ទៅឃុំខ្លួននៅក្នុងផ្ទះ វិញ ចំពោះមុខការអំពាវនាវម្ដងហើយម្ដងទៀតឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងលោកស្រីឱ្យមានសេរីភាព។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យម្នាក់របស់ របបសឹក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។

លោក Zaw Min Tun នៅក្នុងការអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាចំនួន បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែអាកាសធាតុឡើង កម្ដៅខ្លាំងពេក មិនមែនមានតែលោកស្រី ស៊ូជីទេ ដែលទទួលបានការអនុគ្រោះជាពិសេស ពោលគឺអ្នកទោសមានវ័យចំណាស់ផ្សេងទៀត ក៏ទទួលបានការអនុគ្រោះ នេះដែរ ហើយយើងកំពុងព្យាយាមដើម្បីការពារពួកគេពីជំងឺដាច់សសៃឈាម»

គួរបញ្ជាក់ថា លោកស្រី ស៊ូជី មានអាយុ ៧៨ឆ្នាំ ត្រូវបានអាជ្ញាធររបបសឹកមីយ៉ាម៉ា ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី កាលពី ឆ្នាំ២០២១។ លោកស្រី ស៊ូជី កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ ២៧ឆ្នាំ ក្រោមបទចោទពីការប្រព្រឹត្តបទល្មើសជាច្រើនរាប់ចាប់ពីទោសក្បត់ជាតិ និងស៊ីសំណូក រហូតដល់ការបំពានច្បាប់ទូរគមនាគមន៍។ ប៉ុន្តែលោកស្រីបានច្រានចោលការចោទប្រកាន់ទាំងនេះ៕