(មូស្គូ)៖ ក្រុមមន្រ្តី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កម្រិត​ទឹក​ក្នុង​ទន្លេ​នៅតំបន់​ Ural របស់រុស្ស៉ី និង​ភាគ​និរតី​នៃតំបន់ស៉ីបេរី បន្តហក់ឡើងយ៉ាងឆាប់រហ័ស បណ្តាលឱ្យជន់លិចផ្ទះរាប់រយខ្នង កាត់ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឱ្យមានការជម្លៀសប្រជាជនជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ ២០២៤។

បើតាមក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៉ី គិតត្រឹមថ្ងៃអង្គារនេះ ផ្ទះជាង ៣០០ខ្នង និងដីលំនៅដ្ឋានជិត ៧០០កន្លែងបានរងនូវការជន់លិច នៅក្នុងតំបន់ Kurgan របស់រុស្ស៉ីដែលជាប់នឹងទន្លេ Tobol ក្បែរព្រំដែនប្រទេសកាហ្សាក់ស្ថាន ហើយកទឹកទន្លេ Tobol កំពុងហក់ឡើង។ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ថាមពលអគ្គិសនីត្រូវបានកាត់ផ្តាច់ក្នុងតំបន់ Kurgan ប៉ះពាល់ដល់អ្នកស្រុកប្រហែល ១,៥០០នាក់។ ចំណែក អ្នកស្រុកទន្លេ Ishim ដែលជាទីប្រជុំជនមានមនុស្សរស់នៅ ៦៥,០០០ក្នុងតំបន់ Tyumen ភាគនិរតីនៃតំបន់ស៉ីបេរី ជាប់ព្រំដែនកាហ្សាក់ស្ថាន ត្រូវបានស្នើឱ្យជម្លៀសខ្លួនជាបន្ទាន់នៅថ្ងៃនេះ ដោយសារតែទឹកមកពីទន្លេ Ishim ហូរកាត់ទីក្រុងកាន់តែខ្លាំង។

គួរបញ្ជាក់ថា តំបន់ Ural ភាគនិរតីតំបន់ស៉ីបេរី របស់រុស្ស៉ី និងភាគខាងជើងកាហ្សាក់ស្ថាន បាននិងកំពុងប្រឈមគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត បន្ទាប់ពីព្រិលកម្រាស់ក្រាស់ៗបានរលាយភ្លាមៗ ចំពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីមុនរដូវរងារចូលមកដល់៕