(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា កិច្ចសហប្រតិបត្តិការចិន-អាល្លឺម៉ង់មិនមែនជា «ហានិភ័យ» ប៉ុន្តែជាការធានាដល់ទំនាក់ទំនងប្រកបដោយស្ថិរភាព និងឱកាសសម្រាប់អនាគត ចំពេលមានការត្អូញត្អែរពីសហភាពអឺរ៉ុបទៅលើទំនិញចិនដែលកំពុងហូរហៀរលើទីផ្សាររបស់ប្លុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ ២០២៤។

លោក ស៉ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅក្នុងទីក្រុងប៉េកាំថា ខ្សែច្រវាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់របស់ចិន-អាល្លឺម៉ង់ មានទំនាក់ទំនងស៉ីជម្រៅ ហើយទីផ្សារពួកគេគឺពឹងផ្អែកគ្នាខ្លាំង។ លោក ស៉ី បានគូសបញ្ជាក់ថា «យើងត្រូវតែមើល និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ពីទស្សនវិស័យរយៈពេលវែង និងជាយុទ្ធសាស្ត្រ។ អាល្លឺម៉ង់-ចិន ក៏គួរតែប្រុងប្រយ័ត្នផងដែរចំពោះកើនឡើងនូវលទ្ធិគាំពារនិយម សម្លឹងមើលបញ្ហានៃសមត្ថភាពផលិតម្មប្រកបដោយវត្ថុបំណង តាមទស្សនទីផ្សារ និងជាសកល»

គួរបញ្ជាក់ថា លោក Scholz បានធ្វើទស្សនកិច្ចលើកដំបូងនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកផ្តើមអនុវត្តយុទ្ធសាស្រ្ត «កាត់បន្ថយហានិភ័យ» ដើម្បីចៀសវាងការពឹងផ្អែកខ្លាំងពេកលើអ្នកផ្គត់ផ្គង់ចិន។ ដំណើរទស្សនកិច្ចនេះ ក៏ស្របគ្នានឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ជុំវិញការគំរាមកំហែងពីទំនញចិនចំពោះអាជីវកម្មអឺរ៉ុប រួមទាំងរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបៃតងផ្សេងទៀត ដែលកំពុងហូរហៀរនៅលើទីផ្សាររបស់ប្លុក៕