(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani បានអំពាវនាវឱ្យមានការអត់ធ្មត់នៅក្នុងតំបន់មជ្ឈិមបូព៌ា អំឡុងពេលនៃកិច្ចពិភាក្សានៅឯទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលភាពតានតឹងបាននិងកំពុងកើនឡើងរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ ២០២៤។

លោក Sudani កំពុងដឹកនាំគណៈប្រតិភូមួយក្រុមដែលបានជួបជាមួយក្រុមមន្ត្រីនៅទូទាំងទីក្រុងវ៉ាស៊ីនតោន រួមទាំងរដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin ផងដែរ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅឯសេតវិមាន លោក Sudani បានគូសបញ្ជាក់ថា «យើងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីបញ្ឈប់ការរាលដាលជម្លោះក្នុងតំបន់ ជាពិសេសស្ថានការណ៍វិវត្តន៍ថ្មីចុងក្រោយ»

លោក Sudani បានបន្ថែមថា «ក្នុង​ស្មារតី​នៃ​ភាព​ជា​ដៃគូ ទស្សនៈ​របស់យើង​អាចមានភាពខុស​គ្នា​ ពី​អ្វី​ដែល​កំពុងតែកើត​ឡើង​ក្នុង​តំបន់។ ប៉ុន្តែយើងពិតជាយល់ស្របតាមច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការទទួលខុសត្រូវដើម្បីការពារ និងច្បាប់នៃការធ្វើសង្រ្គាម ហើយយើងបដិសេធនូវរាល់ការគាបសង្កត់លើជនស៉ីវិល ជាពិសេសស្ត្រី និងកុមារ លើកទឹកចិត្តឱ្យមានការប្តេជ្ញាគោរពបទដ្ឋានអន្តរជាតិ ក៏ដូចជាបេសកកម្មការទូត»

គួរបញ្ជាក់ អ៉ីរ៉ាក់ គឺជាសម្ព័ន្ធមិត្តដ៏កម្ររបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ ដែនអាកាសអ៉ីរ៉ាក់ គឺជាផ្លូវដ៏សំខាន់សម្រាប់ការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលផ្លោងដែលមិនធ្លាប់មានពីមុនមករបស់អ៉ីរ៉ង់ ហើយបើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ អ៉ីរ៉ង់បានជូនដំណឹងដល់ពួកគេ ក៏ដូចជាប្រទេសផ្សេងទៀតនៅក្នុងតំបន់ មុនពេលធ្វើការវាយប្រហារលើអ៉ីស្រាអែល៕