(ហ្សេរុយសាឡិម)៖ ប្រមុខយោធាអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៉ីរ៉ង់កាលពីចុងសប្តាហ៍មុន ចំពេលមានការអំពាវនាវឱ្យអត់ធ្មត់ពីសំណាក់សម្ព័ន្ធមិត្តដើម្បីបញ្ចៀសជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ ២០២៤។

មន្រ្តីរដ្ឋាភិបាលមួយរូបនិយាយថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកជាលើកទីពីរ ក្នុងរយៈពេលតិចជាង ២៤ម៉ោង ដើម្បីថ្លឹងថ្លែងពីរបៀបប្រតិកម្មឆ្លើយតបនឹងការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់អ៉ីរ៉ង់ មកលើអ៉ីស្រាអែល។ អគ្គសេនាធិការយោធាអ៉ីស្រាអែល លោក Herzi Halevi បាននិយាយថា នឹងមានការឆ្លើយតបវិញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ដោយក្តីប្រុងប្រយ័ត្នពីគ្រោះថ្នាក់ លោក ចូ បៃដិន បានប្រាប់ លោក Netanyahu ថាសហរដ្ឋអាមេរិក នឹងមិនចូលរួមក្នុងការវាយប្រហារណាមួយរបស់អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់នោះទេ។ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា តំបន់កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគ្រោះថ្នាក់ ដូច្នេះត្រូវតែបន្ថយល្បឿនដើម្បីចៀសវាងបញ្ហាកាន់តែធំ។ ចំណែក ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ក៏បានធ្វើការអំពាវនាវស្រដៀងគ្នានេះដែរ។ រីឯ ប្រមុខនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញការអំពាវនាវឱ្យគ្រប់ភាគីមានការអត់ធ្មត់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានបាញ់ស្រោចមីស៉ីល និងយន្តហោះដ្រូន ៣០០គ្រឿងទៅលើអ៉ីស្រាអែលដើម្បីសងសឹកនឹងការវាយប្រហារលើអគារកុងស៊ុល នៃស្ថានទូតអ៉ីរ៉ង់ប្រចាំប្រទេសស៉ីរី ដែលបានសម្លាប់មេបញ្ជាការសំខាន់ៗនៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ៧នាក់៕