(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដែលជាលទ្ធផល នៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៣,៧៩៧ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៨ នាក់ និងរងរបួសចំនួន ៩៤ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣៣,៧៩៧ នាក់ និងរបួសដល់ ៧៦,៤៦៥ នាក់ ចាប់តាំងពីការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤។

ប្រភពប៉ាឡេស្ទីនបានរាយការណ៍ថា កប៉ាល់កងទ័ពជើងទឹកអ៊ីស្រាអែល បានបើកការបាញ់ប្រហារ ទៅលើជនភៀសខ្លួនប៉ាឡេស្ទីនរាប់សិបនាក់ ដែលកំពុងព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់រងរបួស។

គួរជម្រាបថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសនៅទូទាំងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រមាណ ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕