(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា ហ្វីលីពីនមិនមានគម្រោងផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនកាន់តែទូលំទូលាយជាងនេះទេ ចំពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

លោក Marcos បានថ្លែងបែបនេះ នៅក្នុងវេទិកាមួយ ដែលរៀបចំដោយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានបរទេសហ្វីលីពីនក្នុងរដ្ឋធានីម៉ានីល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ឱកាសនោះ លោកនិយាយយ៉ាងដូច្នេះថា «ហ្វីលីពីនមិនមានគម្រោងអនុញ្ញាតឱ្យទាហានអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពបន្ថែមទៀតទេ»

ការកត់សម្គាល់របស់មេដឹកនាំហ្វីលីពីននេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ១១ខែមេសា ដែលមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានវាយបកប្រឆាំងនឹងការឈ្លានពានរបស់ចិន នៅក្នុងផ្លូវទឹកដែលមានជម្លោះ។

ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានប្រកាសថា លោកកំពុងស្វែងរកការអនុម័ត ពីសភាសម្រាប់ថវិកាចំនួន ១២៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគម្រោងនៅមូលដ្ឋានយោធានៅក្នុងប្រទេសហ្វីលីពីន ដែលកងកម្លាំងអាមេរិកបច្ចុប្បន្នកំពុងវត្តមាន។

កាលពីឆ្នាំ ២០២៣ លោក Marcos បានអនុម័តយល់ព្រមពង្រីកចំនួនមូលដ្ឋានដែលទាហានអាមេរិក អាចចូលទៅប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន ពីចំនួន ៥ ទៅ ៩ ក្រោមកិច្ចព្រមព្រៀងការពារជាតិឆ្នាំ ២០១៤ ដែលអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិក អាចសាងសង់សំណង់ នាំយកឧបករណ៍ផ្សេសងៗ និងធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នានៅឯមូលដ្ឋានដែលបានព្រមព្រៀងគ្នា។

កិច្ចព្រមព្រៀងនេះ ហៅថា កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ក៏អនុញ្ញាតឱ្យទាហានសហរដ្ឋអាមេរិកចេញ-ចូលប្រទេសហ្វីលីពីន និងអាចស្នាក់នៅរយៈពេលយូរនៅក្នុងប្រទេសនេះ ប៉ុន្តែមិនផ្តល់ឱ្យពួកគេឈរជើងជាអចិន្ត្រៃយ៍នោះទេ។

កងកម្លាំងអាមេរិកមានសិទ្ធិចូលទៅកាន់ទីតាំងយោធាហ្វីលីពីន នៅឆ្នេរសមុទ្រហ្វីលីពីនភាគខាងលិចដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ក៏ដូចជាតំបន់ភាគខាងជើងក្បែរកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

មន្ត្រីហ្វីលីពីនមុននេះបាននិយាយថា ការពង្រីកកិច្ចព្រមព្រៀង EDCA មិនមែនសំដៅលើប្រទេសចិនទេ ប៉ុន្តែលោក Marcos បានប្រាប់វេទិកាថា ការសម្រេចចិត្តរបស់លោក កាលពីឆ្នាំ ២០២៣ គឺជា «ប្រតិកម្មចំពោះអ្វីដែលកំពុងកើតឡើងនៅសមុទ្រចិនខាងត្បូង»។

យ៉ាងណាក៏ដោយ លោក Marcos បានទទូចថា កិច្ចប្រជុំកំពូលត្រីភាគី អាមេរិក-ជប៉ុន-ហ្វីលីពីន កាលពីសប្តាហ៍មុន មិនមានបំណងកំណត់គោលដៅប្រទេសណាមួយឡើយ។

គួរជម្រាបថា ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកលើនាវាហ្វីលីពីន ដែលផ្តល់ការផ្គត់ផ្គង់ដល់ទាហានហ្វីលីពីនដែលឈរជើង លើនាវាចម្បាំងសម័យសង្គ្រាមលោកលើកទី ២ ដែលបានបោះយុថ្កានៅតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង៕