(គៀវ)៖ អភិបាលតំបន់បាននិយាយថា យោធារុស្ស៊ីបានវាយប្រហារលើកន្លែងអប់រំមួយកន្លែង នៅក្នុងតំបន់ Kharkiv នៅថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សពីរនាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

អភិបាលតំបន់ លោក Oleh Syniehubov បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា យោធារុស្ស៊ីបានទម្លាក់គ្រាប់បែកតាមផ្លូវអាកាសទៅលើភូមិ Lukantsi ក្បែរព្រំដែនរុស្ស៊ី។

ទោះជាយ៉ាងណា លោក Syniehubov មិនបានផ្តល់ព័ត៌មានពេញលេញ អំពីចំនួនមនុស្សរងរបួសក្នុងការវាយប្រហារនោះទេ។

គួរជម្រាបថា នៅពេលដែលរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួននៅនិទាឃរដូវនោះ តំបន់ Kharkiv បានទទួលរងការវាយប្រហារកាន់តែខ្លាំងឡើង។ ហើយដោយសារតែខ្វះខាតប្រព័ន្ធការពារដែនអាកាស បានធ្វើឱ្យប្រទេសនេះងាយរងការវាយប្រហារតាមផ្លូវអាកាស ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីជាទ្រង់ទ្រាយធំ៕