(ស៊ីដនី)៖ ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិត ដែលបានកើតឡើងនៅព្រះវិហារមួយនៅជាយក្រុងស៊ីដនីនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យប៉ូលិសបានប្រាប់ Reuters ថា បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារនៅក្រុង Wakeley ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងលិចនៃសង្កាត់មជ្ឈមណ្ឌលពាណិជ្ជកម្ម។

វាជាឧបទ្ទវហេតុចាក់សម្លាប់ទ្រង់ទ្រាយធំលើកទីពីរហើយ នៅទីក្រុងស៊ីដនីក្នុងរយៈពេលតែ៣ថ្ងៃ បន្ទាប់ពីការវាយប្រហារដោយកាំបិតនៅមជ្ឈមណ្ឌលផ្សារទំនើបមួយ ក្នុងតំបន់ Bondi ដែលបានបណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់។

ការវាយប្រហារនៅថ្ងៃចន្ទនេះ បានកើតឡើងក្នុងអំឡុងពិធីបុណ្យគ្រិស្តសាសនាដ៏ធំមួយនៅឯព្រះវិហារមួយ ដែលស្ថិតនៅទីក្រុង Wakele ហើយប៉ូលីសនៅតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីព្យាយាមគ្រប់គ្រងហ្វូងមនុស្សដ៏ច្រើន ដែលប្រមូលផ្តុំសម្រាប់ព្រឹត្តិការណ៍នេះ។

ទោះជាយ៉ាងណា មន្ត្រីប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំព្រះវិហារ និងអ្នកគោរពបូជាជាច្រើននាក់ ត្រូវបានចាក់សម្លាប់ អំឡុងពេលពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះវិហារ។

សេវារថយន្តសង្គ្រោះបន្ទាន់នៃរដ្ឋ New South Wales បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានរងរបួស រួមទាំងបុរសម្នាក់ដែលមានអាយុ ៥០ ឆ្នាំដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ មានរថយន្តសង្គ្រោះ១១គ្រឿងនៅកន្លែងកើតហេតុ៕