(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទ ទី១៥ ខែមេសានេះ បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច «កោតសរសើរចំពោះការអត់ធ្មត់របស់អ៊ីរ៉ង់» ចំពោះទង្វើអ៊ីស្រាអែល បន្ទាប់ពីខ្លួនបានវាយប្រហារសត្រូវក្នុងតំបន់មួយនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវ ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយថា «ជំនួសឱ្យការចោទប្រកាន់លើអ៊ីរ៉ង់ ប្រទេស (លោកខាងលិច) គួរតែស្តីបន្ទោសខ្លួនឯង និងត្រូវឆ្លើយតបចំពោះមតិសាធារណៈ ជុំរិញវិធានការឆ្លើយតបរបស់ពួកគេ ក្នុងឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយអ៊ីស្រាអែល» នៅក្នុងសង្គ្រាមប្រឆាំងនឹងហាម៉ាសនៅហ្គាហ្សា។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសលោកខាងលិចគួរតែកោតសរសើរចំពោះការអត់ធ្មត់របស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

គួរជម្រាបថា រដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច បានថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ដែលមិនធ្លាប់មានពីមុនមក លើអ៊ីស្រាអែល ដែលទីក្រុងតេហេរ៉ង់អះអាងថា «វាជាវិធានការសមស្របច្បាប់ដើម្បីការពារខ្លួន»។

ការវាយប្រហារដោយផ្ទាល់ជាលើកដំបូងរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ១ ខែមេសា ទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាស ដែលត្រូវបានសន្មត់យ៉ាងទូលាយថា ជាទង្វើរបស់អ៊ីស្រាអែល៕