(ប៉ារីស)៖ ក្រុមមន្រ្តីទូតកំពូលមកពីប្រទេសបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) នឹងជំរុញឱ្យមានការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ប្រទេសស៊ូដង់ នៅពេលពួកគេជួបគ្នាក្នុងទីក្រុងប៉ារីសនាថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួប ១ឆ្នាំនៃការផ្ទុះសង្រ្គាមស៊ូដង់។ នេះបើយោងតាមការចុះតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ ២០២៤។

លោក Stéphane Séjourné រដ្ឋមន្ត្រីការបរទេសបារាំង ត្រូវជួបសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock មន្រ្តីការទូតកំពូល EU លោក Josep Borrell និងស្នងការសហភាពអឺរ៉ុបទទួលបន្ទុកការងារគ្រប់គ្រងវិបត្តិ លោក Janez Lenarčič នៅឯសន្និសីទទីក្រុងប៉ារីស។ បើតាមការិយាល័យសកម្មភាពខាងក្រៅរបស់សហភាពអឺរ៉ុប ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏នឹងជួបលោក Borrell លោក Lenarčič នៅចុងបញ្ចប់នៃសន្និសីទនោះផងដែរ។

ថ្មីៗនេះ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Tom Perriello បាននិយាយថា រដ្ឋាភិបាលអាមេរិកសង្ឃឹមថាសន្និសីទទីក្រុងប៉ារីស អាចជួយបន្ធូរបន្ថយភាពតឹងតែងផ្នែកថវិកា ហើយប្តេជ្ញាចិត្តលើការផ្តល់មូលនិធិបន្ថែមជាង ១០០លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រទេសស៊ូដង់។

គួេបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ដោយបង្កការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រទេស ជំរុញឱ្យមានការព្រមានអំពីគ្រោះទុរ្ភិក្ស ការជម្លៀសខ្លួននៃប្រជាជនរាប់លាននាក់ទាំងក្នុងស្រុក និងចេញពីប្រទេស៕