(កៀវ)៖ មេបញ្ជាការកំពូលរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា កងកម្លាំងរុស្ស៉ីមានបំណងចាប់យកទីក្រុង Chasiv Yar ត្រឹមថ្ងៃទី៩ ខែឧសភា ដែលជាការកំណត់ដំណាក់កាលនៃការប្រយុទ្ធដ៏សំខាន់មួយទៀតដើម្បីឈានទៅគ្រប់គ្រងទឹកដីនៅភាគខាងកើត ដែលរុស្ស៉ីកំពុងផ្តោតក្នុងប្រតិបត្តិការរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ ២០២៤។

Chasiv Yar ស្ថិតនៅក្នុងតំបន់ដូណេត ចម្ងាយ ៥ទៅ ១០គីឡូម៉ែត្រពីទីក្រុង Bakhmut ដែលខ្ទេចខ្ទាំក្រោមការកាន់កាប់របស់កងកម្លាំងរុស្ស៉ី កាលពីឆ្នាំមុន។ លោកវរសេនីយ៍ឯក Oleksandr Syrskyi ដែលបានព្រមានកាលពីចុងសប្តាហ៍មុនពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅភាគខាងកើត និយាយថា រុស្ស៉ីកំពុងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួននៅឯភាគខាងលិចទីក្រុង Bakhmut ដើម្បីព្យាយាមដណ្តើមយកទីក្រុង Chasiv Yar មុនពេលឆ្ពោះទៅកាន់ទីក្រុង Kramatorsk។ ពេលនេះ កងពលតូចរបស់ទីកៀវ កំពុងទប់ទល់នឹងការវាយលុកដោយគ្រាប់រំសេវ យន្តហោះដ្រូន និងឧបករណ៍អេឡិចត្រូនិកសម្រាប់ការធ្វើសង្គ្រាមផ្សេងៗ នៅក្បែរទីក្រុង Chasiv Yar។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែឧសភា រុស្ស៉ីគ្រោងប្រារព្ធក្បួនដង្ហែរយោធាដ៏ធំមួយនៅលើទីលានក្រហម ដែលត្រួតពិនិត្យដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕