(រ៉ូម)៖ មេដឹកនាំនៃបណ្តាប្រទេស G7 បានថ្កោលទោសការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ហើយបានព្រមានកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើការដើម្បីព្យាយាមទប់ស្កាត់ «ភាពតានតឹងដែលមិនអាចគ្រប់គ្រងបាន» នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ ២០២៤។

អ៉ីតាលី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 បានកោះប្រជុំមេដឹកនាំ G7 បន្ទាប់ពី លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សន្យាឆ្លើយតបតាមមធ្យោបាយការទូត ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលដែលមិនធ្លាប់មានពីមុនមករបស់អ៉ីរ៉ង់លើអ៉ីស្រាអែល។

សេចក្តីថ្លែងការណ៍ដែលចេញដោយប្រទេសអ៉ីតាលី មានខ្លឹមសារយ៉ាងដូច្នេះថា «ជាមួយនិងសកម្មភាពរបស់ខ្លួន អ៉ីរ៉ង់បានបោះជំហានបន្ថែមទៀតឆ្ពោះទៅរកអស្ថិរភាព និងហានិភ័យនៃការកើនឡើងនូវភាពតានតឹងក្នុងតំបន់ដែលមិនអាចគ្រប់គ្រងបាន។ ការណ៍នេះត្រូវតែចៀសវាង»។

មេដឹកនាំ G7 ក៏បានអំពាវឱ្យអ៉ីរ៉ង់អនុវត្តការអត់ធ្មត់ ដោយបញ្ជាក់ថា «ក្នុងស្មារតីនេះ យើងទាមទារដល់អ៉ីរ៉ង់ និងតួអង្គតំណាងធ្វើសង្រ្គាមរបស់ខ្លួន (Proxies) បញ្ឈប់ការវាយប្រហារ ហើយឥឡូវនេះយើងក៏បានត្រៀមខ្លួនដើម្បីចាត់វិធានការបន្ថែម និងជាការឆ្លើយតបចំពោះគំនិតផ្តួចផ្តើមធ្វើឱ្យមានអស្ថិរភាពថែមទៀត»។

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានបាញ់ស្រោចមីស៉ីល និងយន្តហោះដ្រូន ៣០០គ្រឿងទៅលើអ៉ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហារលើអគារកុងស៊ុល នៃស្ថានទូតអ៉ីរ៉ង់ប្រចាំប្រទេសស៉ីរី ដែលបានសម្លាប់មេបញ្ជាការសំខាន់ៗនៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ៧នាក់។ ភ្លាមៗនោះ លោក បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថា សហរដ្ឋអាមេរិក នឹងមិនចូលរួមក្នុងការវាយប្រហារណាមួយលើអ៉ីរ៉ង់នោះទេ ប្រសិនបើអ៉ីស្រាអែលសម្រេចចិត្តសងសឹក៕