(ប៉េកាំង)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យ ទី១៤ ខែមេសានេះ បានបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះការវាយប្រហារដោយ មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ដែលកំពុងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ បានគូសបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង បច្ចុប្បន្ន និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ និងភាពស្ងប់ស្ងាត់ ដើម្បីបញ្ចៀសភាពតានតឹងនៅពេលអនាគត»។ តាមអ្នកនាំពាក្យរូបនេះ ដដែល ចិនក៏អំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសមានឥទ្ធិពលធំៗ ដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

តែទន្ទឹមគ្នានឹងការព្រួយបារម្ភចិន ជប៉ុនឯណោះវិញបានចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ដោយបារម្ភថាការវាយប្រហារនេះនឹងមានតែធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺនតែប៉ុណ្ណោះ។

យោធាអ៉ីស្រាអែល បានអះអាងថាអ៉ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា បានបាញ់មីស៊ីល និងដ្រូន ៣០០គ្រាប់ និងគ្រឿងលើអ៉ីស្រាអែល ជាការសងសឹក ទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃទី១ ខែមេសា លើស្ថានកុងស៊ុលអ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះ មានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់៕