(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) ថាសហរដ្ឋអាមេរិកនឹងជំទាស់រាល់ការវាយ​បករបស់អ៉ីស្រាអែលលើទឹកដីអ៉ីរ៉ង់វិញ បន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៊ីល និងដ្រូនយ៉ាងសន្ធឹក លើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Axios។

Axios ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានឱ្យដឹងថាលោក បៃដិន និងរដ្ឋបាលរបស់លោកមានការព្រួយបារម្ភជាខ្លាំង ចំពោះការឆ្លើយតប ណាមួយរបស់អ៉ីស្រាអែល អាចនឹងបង្កទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ដែលនឹងបង្កផលវិបាកដ៏មហន្តរាយ។ អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានបាញ់ដ្រូន និងមីស៊ីល ជាង ២០០គ្រាប់ និងគ្រឿងដោយផ្ទាល់លើអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់)។ នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់ អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល។ ការវាយប្រហាររបស់អ៉ីរ៉ង់នេះដែរធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់។

យ៉ាងណាក៏ដោយ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ចូ បៃដិន បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងរឹងមាំចំពោះនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹងការគំរាមកំហែងពីអ៉ីរ៉ង់ និងក្រុម proxy របស់អ៉ីរ៉ង់។ តាមលោក បៃដិន កងកម្លាំងអាមេរិកបានជួយបាញ់ទម្លាក់ ដ្រូន និងមីស៊ីលដែលអ៉ីរ៉ង់បាញ់ប្រហារ លើអ៉ីស្រាអែលស្ទើរតែទាំងអស់ ហើយនេះក៏អាចចាត់ទុកជាជ័យជម្នះមួយដែរ ព្រោះការវាយប្រហាររបស់អ៉ីរ៉ង់មិនបានទទួលជោគជ័យ នោះទេ តែមានតែបង្ហាញពីសមត្ថភាព យោធាដ៏អស្ចារ្យរបស់អ៉ីស្រាអែលទៅវិញ៕